របាយការណ៍អង្គការសហប្រជាជាតិ៖ កូរ៉េខាងជើងលួចប្រាក់គ្រីបតូរាប់រយលានដុល្លារយកទៅអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួន

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនក្នុងអំឡុងឆ្នាំមុន ហើយការវាយប្រហារតាមអ៊ីនធើណិតលួចរូបិយប័ណ្ណ​​គ្រីបតូ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ប្រភពពីរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ។

នៅ​ក្នុង​ឆ្នាំ​២០១៩ អង្គការសហប្រជាជាតិក៏ធ្លាប់បាន​រាយការណ៍ដែរ​ថា កូរ៉េ​ខាង​ជើង​បាន​ប្រមូល​ប្រាក់​តាម​ការ​ប៉ាន់​ស្មានប្រហែល ​​២ពាន់លាន​ដុល្លារដើម្បីទ្រទ្រង់ដល់​កម្មវិធី​អាវុធ​ប្រល័យ​លោក​របស់​ខ្លួន ​តាម​រយៈ​ការ​វាយ​ប្រហារ​តាមអ៊ីនធើណិត​​ដ៏​ទំនើប។ រីឯនៅចន្លោះ​ឆ្នាំ​២០២០ និង​២០២១ អ្នក​វាយ​ប្រហារ​ផ្នែកព័ត៌មានវិទ្យា​បាន​លួយ​លុយអនឡាញ​ជាង ​៥០​លាន​ដុល្លារ​។ ការ​វាយ​ប្រហារ​បែបនេះ មាន​គោល​ដៅ​​លើរូបិយប័ណ្ណគ្រីបតូ​ហោច​ណាស់ ​៣​តំបន់​គឺ អាមេរិក​ខាង​ជើង អឺរ៉ុប និង​អាស៊ី។

ការ​វាយ​ប្រហារ​តាមអ៊ីនធើណិតនេះ​ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​របស់​របបដឹកនាំលោក គីម ជុងអ៊ុន ​ដើម្បី​អភិវឌ្ឍ​កម្មវិធី​មីស៊ីលប្លាលីស្ទិក​ និងនុយក្លេអ៊ែរ​របស់​ខ្លួន។ នេះបើតាមការ​រក​ឃើញរបស់អ្នក​ស៊ើប​អង្កេត​។ ការ​រក​ឃើញ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​​ប្រគល់​អោយ​​គណៈកម្មាធិការ​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍កន្លងទៅ៕ ប្រភព៖ Reuters និង BBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner