រថយន្តម៉ាកអូឌីបុកបង្គោលភ្លើង បំភ្លឺផ្លូវបណ្តាលឱ្យរងការខូចខាត និងយុវជនម្នាក់រងរបួស

ភ្នំពេញ: យុវជនម្នាក់រួមដំណើរជាមួយនឹងយុវជនបីនាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងក្នុងល្បឿនលឿនបត់ឆ្លងផ្លូវមិនទាន់ជ្រុលទៅបុកខឿនផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹងបណ្តាលឱ្យយុវជនម្នាក់រងរបួសដៃម្ខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ១១៣កែងផ្លូវលេខ៦១៦ ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរជាមួយយុវជនបី នាក់ទៀតបើករថយន្តម៉ាកអូឌី ពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-7575ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃមកផ្លូវលេខ១១៣ ប៉ុន្តែដោយសារល្បឿនលឿនពេកបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឱ្យទ្រេត ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងកល់ជាប់ជាមួយបង្គោលភ្លើងទៅមុខលែងរួច។ភ្លាមៗនោះគេឃើញយុវជនទាំង៤នាក់ចេញពីរថយន្តហើយមានយុវជនម្នាក់បានរងរបួសដៃម្ខាង រួចនាំគ្នាហៅឡំប្រឺតាជិះទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner