អនុប្រធានបាល់ឱបកម្ពុជា អះអាងថា ការប្រកួតបាល់ឱប Reconnect គឺជាព្រឹត្តិការណ៍រួមចំណែកបណ្តុះធនធានថ្នាលឆ្ពោះទៅអេស៊ាន YOUTH Game 2029 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

លោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានចាត់ទុក ការប្រកួតកីឡាបាល់ឱបReconnectដែលរៀបចំដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាបាល់ឱបអាស៊ី ជាព្រឹត្តិការណ៍មួយជួយរួមចំណែកដល់កម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពធនធានថ្នាលបាល់ឱបនៅកម្ពុជា។

អនុប្រធានរូបនេះ អះអាងថា កម្មវិធីប្រកួតនេះ ជាការប្រកួតមួយដែលជួយឲ្យក្មេងយល់ដឹងពីការអប់រំកាយ យល់ដឹងអំពីការទំនាក់ទំនងគ្នាធ្វើការជាក្រុម និងជាការបណ្តុះបណ្តាលសម្រាប់ការលេងជាមូលដ្ឋានគ្រឹះដំបូង ដែលជាសូចនាករមួយលើកទឹកចិត្តឲ្យក្មេងបន្តលេងនិងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីវិវឌ្ឍសមត្ថភាពក្លាយជាកីឡាករកីឡាការិនីឆ្នើមនៅពេលអនាគត។

លោកថា ការប្រកួតបាល់ឱបReconnectក៏ជាសម្មភាពផ្នែកយ៉ាងសំខាន់ដែរ ក្នុងការស្វែងរកធនធានថ្នាលឆ្នើមៗសម្រាប់សហព័ន្ធយកមកហ្វឹកហាត់បំប៉នឲ្យក្លាយជាកីឡាកសក្តានុពលចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយជូនកម្ពុជានៅក្នុងព្រឹត្តិការណ៍អេស៊ាន YOUTH Game 2029 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក Chris Mastaglio នាយកប្រតិបត្តិ Child fund Rugby មានប្រសាសន៍ថា បន្ទាប់ពីការរៀបចំកម្មវិធីប្រកួតនេះទៅ នៅក្នុងគម្រោងរបស់ Child fund Rugby ក៏មានគម្រោងធ្វើការបណ្តុះបណ្តាលគ្រូបង្វឹក និងកីឡាករកីឡាការិនី ដើម្បីផលិតបានធនធានបាល់ឱបនៅកម្ពុជាបានកាន់តែច្រើន។

តាមរយៈ Child fund Rugby និង សហព័ន្ធកីឡាបាល់ឱបអាស៊ីក្នុងគម្រោងផែនការអភិវឌ្ឍជួយសហព័ន្ធបាល់ឱបកម្ពុជា ក្នុងជំហានឆ្ពោះទៅអេស៊ាន YOUTH Game 2029ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បច្ចុប្បន្ននេះបណ្តុះបណ្តាលគ្រូជំនាញបាល់ឱបបានជាង២០នាក់ហើយ ដោយគ្រូៗនឹងទទួលភារៈចុះបណ្តុះបណ្តាលនៅតាមសាលារៀន៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner