សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ពលរដ្ឋ ឱ្យបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី អូមីក្រុង

អត្ថបទដោយ៖
Kien Sereyvuth

ព្រៃវែង ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សាពងពស់ និងសាលាបឋមសិក្សា នាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវជាថ្មី សូមឱ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីទាំងអស់ បន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងតាមការកំណត់របស់មន្រ្តីសុខាភិបាលឱ្យបានគ្រប់ៗគ្នា។

សម្ដេចក្រឡាហោម បានលើកឡើងថា នៅបណ្ដាប្រទេសលោកខាងលិចខ្លះ ស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ដោយសារពលរដ្ឋមិនគាំទ្រវិធានការរដ្ឋាភិបាល។ សម្រាប់ប្រទេសកម្ពុជា សម្ដេចក្រឡាហោម បានសម្ដែងការស្ញប់ស្ញែងចំពោះការចូលរួមគាំទ្រ និងការគោរពអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ សម្ដេចបានសម្ដែងក្ដីព្រួយបារម្ភចំពោះអត្រាឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះដែលបានហក់ឡើងខ្ពស់ ។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណជូនឯកឧត្តម ព្រុំ សុខា និងក្រុមការងារចុះជួយស្រុកបាភ្នំទាំង ដែលបានចំណាយថវិកាជួយសាងសង់អគារសិក្សាដែលសម្ពោធនាថ្ងៃនេះ ដើម្បីជួយអភិវឌ្ឍន៍មូលដ្ឋាន ពិសេសពង្រឹងវិស័យអប់រំ ៕ ដោយ អ៊ិត រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner