ក្រុមប្រទេស G7 ព្រមានថា រុស្ស៊ីនឹងប្រឈមមុខនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ប្រសិនបើវាយប្រហារអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬហៅកាត់ថា G7 បានព្រមានថា រុស្ស៊ីនឹងប្រឈមមុខនូវការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះឈ្លានពានលើអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមរដ្ឋមន្ត្រី G7 បានសម្តែងនូវការគាំទ្ររបស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីកំណត់ផ្លូវការទូតជាបន្ទាន់ ឆ្ពោះទៅរកការកាត់បន្ថយការកើនឡើងភាពតានតឹង។

ក្រុមរដ្ឋមន្រ្តីបាននិយាយថា យើងរួបរួមគ្នាក្នុងការតាំងចិត្តរបស់យើង ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់អ៊ុយក្រែន។ ក្រុមរដ្ឋមន្រ្តីបន្ថែមថា អាទិភាពភ្លាមៗរបស់យើង គឺគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានការណ៍តានតឹងកាន់តែធូរស្រាល។

យ៉ាងណាមិញ យើងសូមបញ្ជាក់ឡើងវិញថា ជាពិសេសការឈ្លានពានផ្នែកយោធាបន្ថែមទៀតដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស បូករួមទាំងការសម្របសម្រួល និងដោយកម្លាំងបាយ។

ក្រុមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា យើងត្រៀមខ្លួនជាស្រេចក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសមូហភាព ដែលនឹងមានផលវិបាកយ៉ាងធំធេង និងភ្លាមៗចំពោះសេដ្ឋកិច្ចរបស់រុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Suzuki Shunichi បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ ថា រដ្ឋមន្ត្រី G7 នឹងបន្តតាមដានស្ថានការណ៍ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាជុំវិញបញ្ហានេះ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner