រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែសពិភាក្សាគ្នាពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ាន-ន័រវែស

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោកជំទាវ Anniken Huitfeldt រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រន័រវែស កាលពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២២ ។ រដ្ឋមន្រ្តី ការបរទេសទាំងពីរបានផ្លាស់ប្តូរយោបល់លើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងកម្ពុជា-ន័រវែស និងភាពជាដៃគូអាស៊ាន-ន័រវែស។ 

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណលោកជំទាវ Anniken Huitfeldt ចំពោះការប្តេជ្ញាចិត្តគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងបានជម្រាបជូនលោកជំទាវអំពីអាទិភាពនានារបស់កម្ពុជា ដើម្បីជំរុញបន្ថែមទៀតការកសាងសហគមន៍អាស៊ាន នៅចំពោះមុខការប្រឈមនានាក្នុងពេលបច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញទស្សនៈរួមចំពោះតម្លៃនៃសន្តិភាព និងសន្តិសុខ នៅក្នុងទំនាក់ទំនងខាងក្រៅនិងបានចែករំលែកនូវបំណងប្រាថ្នាដ៏មុតមាំ ក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ន័រវែស លើគ្រប់វិស័យដែលអាចធ្វើទៅបាន។ 

ក្នុងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់លោកជំទាវ Huitfeldt ឱ្យមានកិច្ចប្រជុំត្រីភាគីអាស៊ាន-ន័រវែស ជាទៀងទាត់ និងការធ្វើជាភ្ញៀវរបស់ប្រធានអាស៊ាន ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅត្រីមាសទី៣នៃឆ្នាំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាចចំពោះលោកជំទាវថា លិខិតអញ្ជើញនឹងផ្ញើជូនលោកជំទាវ នាពេលខាងមុខ។

អំពីស្ថានភាពនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះជាពិសេសតាមរយៈការពន្លឿនការអនុវត្តកិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ 

ឯកឧត្ដម ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ Anniken Huitfeldt អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន រួមទាំងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់មីយ៉ាន់ម៉ាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំហានបន្ទាប់របស់កម្ពុជាផងដែរ ហើយបានថ្លែងអំណរគុណន័រវែស ដែលបានរៀបចំឱ្យឯកឧត្តមធ្វើបទបង្ហាញអំពីមីយ៉ាន់ម៉ា នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការសម្តែងនូវការគាំទ្ររបស់លោកជំទាវ Huitfeldt ដល់តួនាទីរបស់ឯកឧត្ដម ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា ក៏ដូចជា ផែនការរបស់ឯកឧត្តមក្នុងការស្វែងរកវិធី និងមធ្យោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ដល់ប្រជាជនទាំងអស់នៅមីយ៉ាន់ម៉ាដែលត្រូវការជំនួយបន្ទាន់ដោយគ្មានការរើសអើង។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ត្រូវតែចូលរួមដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយបរិយាប័ន្នមួយ និងសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង។

អំពីទំនាក់ទំនងទ្វេភាគី ឯកឧត្តម ប្រាក់ សុខុន បានរំលឹកឡើងវិញនូវអំណរអរគុណរបស់កម្ពុជាចំពោះប្រទេសន័រវែស ជាប្រទេសដែលបានគាំទ្រជាយូរយាណាស់មកហើយចំពោះគោលដៅគ្មានគ្រាប់មីនរបស់កម្ពុជា និងជាអ្នកផ្តល់ជំនួយដ៏សំខាន់សម្រាប់សាលាក្តីខ្មែរក្រហម។ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ  Anniken Huitfeldt បានបង្ហាញសុទិដ្ឋិនិយមថា ការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ នាដើមខែមីនា នៅទីក្រុង Oslo ក្នុងឆ្នាំនេះ នឹងសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងការកំណត់វិស័យប្រកបដោយសក្តានុពលនៃកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមក រួមមានក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូក្នុងវិស័យឯកជន ជាដើម។ រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នា លើកកម្ពស់ការសម្របសម្រួលដ៏ល្អលើបញ្ហាតំបន់ និងពិភពលោក៕  

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner