រដ្ឋបាលខេត្តកំពត រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា

ខេត្តកំពត ៖ ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនាដែលពុទ្ធបរិស័ទក្នុងពិភពលោកតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ដោយឡែកនៅកម្ពុជាយើងនៅក្នុងរដ្ឋធម្មនុញ្ញ បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយពិធីបុណ្យមាឃបូជានេះទៀតសោត ក៏តែងតែបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំផងដែរក្នុងគោលបំណងចម្បងគឺប្រារព្ធឡើង សម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសបាក់ជន្មាយុសង្ខារ។

ព្រះរាជាណាចក្រកម្ពុជា មានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន ថ្កុំថ្កើនរុងរឿងដូចសព្វថ្ងៃនេះ។ ដោយឡែកខេត្តកំពត រដ្ឋបាលខេត្តដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពុទ្ធបរិស័ទ តែងតែបានប្រារព្ធធ្វើពិធីបុណ្យដ៏មានសារៈសំខាន់នេះ ជារៀងរាល់ឆ្នាំ តាមទីវត្តអារាមក្នុងខេត្តដើម្បីរំលឹកថ្ងៃមង្គលដ៏មានសារសំខាន់នេះដែរ ។

ផ្ដើមចេញ ពីការគោរព និងជំនឿលើព្រះពុទ្ធសាសនា ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណនិងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ មន្ត្រីសង្ឃ គ្រប់ឋានានុក្រម ប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ក្នុងខេត្តកំពតទាំងអស់ដែលតែងតែបានចូលរួមប្រារព្ធកម្មវិធីបុណ្យសាសនាដ៏ធំនិងមានសារសំខាន់នេះ ។ ព្រោះថាព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។

ឯកឧត្តម ជឹងផល្លា ប្រធានក្រុមប្រឹក្សាខេត្តក្នុងនាមរដ្ឋបាលខេត្ត បាននាំនូវបច្ច័យចូលរួមកម្មវិធីបុណ្យ ដើម្បីវេរប្រគេនព្រះសង្ឃនាឱកាសនោះសរុប ចំនួន ៤លានរៀលផងដែរ។ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង ក្រោមការអញ្ជើញនិងនិមន្ត ចូលរួមពីសំណាក់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រះតេជគុណ ញ៉ែត ចាន់តារា ព្រះមេគណខេត្ត ព្រមទាំងមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្ត ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ យ៉ាងអធិកអធ័ម ។ កម្មវិធីបុណ្យនេះ បានប្រារឰធ្វើឡើង នារសៀលថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០២២ នៅសួនច្បារ ប្រសាទដើមពោធិ៍ ភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ។

សូមជម្រាបថា ពិធីបុណ្យនារសៀលនេះ មានវេរគ្រឿងសក្ការៈបូជាស្វាធ្យាយ និងនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនា គ្រោងបញ្ចប់ឆ្លងពិធីបុណ្យនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តដើម្បីនិមន្តព្រះសង្ឃធ្វើពិធីរាប់បាត្រមានចំនួន ២៥០អង្គផងដែរ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner