មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អំពាវនាវកសិករទាំងអស់ងាកមកប្រើប្រាស់ម៉ាស៊ីនដាំស្រូវជាជួរ គឺសន្សំសំចៃកម្លាំងនិងពូជស្រូវ

កំពង់ធំ ៖ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។ លោក អ៊ឹម ប៊ុនថាន ប្រធានការិយាល័យក្សេតសាស្ត្រ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ អំពាវនាវកសិករទាំងអស់ងាកមកប្រើប្រាស់ម៉ាស៊ីនដាំស្រូវជាជួរ គឺសន្សំសំចៃកម្លាំង និងពូជស្រូវ ។ លោកបានថ្លែងក្នុងកម្មវិធីទិវាស្រែបង្ហាញដាំស្រូវជាជួរដល់សហគមន៍សាមគ្គីមានជ័យស្ថិតនៅភូមិត្របែក ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រជាកសិករជាង ៤០នាក់។

លោកបានបន្តថា ដើម្បីលើកស្ទួយការប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីសារៈប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានសហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ធ្វើស្រែបង្ហាញដាំស្រូវជាជួរដែលប្រើឧបករណ៍បង្ហាញសម្រាប់ស្រូវប្រដេញទឹក និងស្រូវប្រាំងដោយប្រើពូជស្រូវនាងក្រអូប និងពូជស្រូវអ៊ីអឹម«៥៤៥១»ក្នុងស្រុកចំនួនបួន មានស្រុកតាំងគោក ស្រុកសន្ទុក ស្រុកស្ទោងនិងស្រុកសណ្ដាន់ ក្នុងគោលបំណងផ្សព្វផ្សាយបន្តដល់កសិករជុំវិញស្រែបង្ហាញ និងដើម្បីបង្កើនចំណេះដឹងដល់កសិករក្នុងការតម្លើង និងប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះ ពីព្រោះចំណាយគ្រាប់ពូជតិច ស្រូវដុះលូតលាស់ល្អ ដោយសារមានចន្លោះជួរដែលអាចឱ្យពន្លឺនិងខ្យល់ចេញចូលបានគ្រប់គ្រាន់។

ជាមួយគ្នានេះប្រជាកសិករដែលបានអនុវត្តការប្រើប្រាស់ម៉ាស៊ីនជាជួរនេះរួចហើយបានលើកឡើងថា ការប្រើប្រាស់ម៉ាស៊ីនដាំជាជួរនេះគឺសន្សំសំចៃកម្លាំងជាង ព្រោះប្រើប្រាស់ពូជតិច ស្រូវដុះលូតលាស់ល្អ មិនមានការប្រកួតប្រជែងគ្នាដោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ស្រូវដុះជាជួរងាយស្រួលក្នុងការថែទាំ កំចាត់សត្វល្អិតចង្រៃ និងស្មៅទិន្នផលប្រហាក់ប្រហែលនឹងខ្ពស់ជាងការប្រើប្រាស់ពូជច្រើនគ្រាប់ស្រូវពេញល្អ ។ ហើយលោកទាំងអស់បានអំពាវនាវដល់ប្រជាកសិករដទៃទៀតមកចាប់អារម្មណ៍លើការប្រើប្រាស់ម៉ាស៊ីនដាំជាជួរនេះវិញម្តង ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner