សម្តេចក្រឡាហោម ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវការពារសុវត្ថិភាពស្ថានទូតនិងស្ថានតំណាងដែលមាននៅកម្ពុជាឲ្យបានដាច់ខាតក្នុងស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនកំពុងតានតឹង

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវការពារសុវត្ថិភាពស្ថានទូត ឬស្ថានតំណាង នៅកម្ពុជា ឲ្យបានជាដាច់ខាត ក្នុងស្ថានភាពសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនកំពុងតានតឹង ។

ក្នុងបិទសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «ក្នុងស្ថានភាព ដែលសង្គ្រាមនៅអ៊ុយក្រែន កំពុងតានតឹង យើងចាំ បាច់ ត្រូវយកចិត្តទុកដាក់ ដើម្បីនឹងធានា នូវសុវត្ថិភាពដល់ស្ថានទូត ស្ថានតំណាង ដែលមានការពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់យើងឲ្យបានជាដាច់ខាត»។

សម្តេចបន្តថាអាជ្ញាធរពាក់ព័ន្ធទាំងអស់មិនត្រូវមើលស្រាលចំពោះ ជន ឱកាសនិយមឬឧក្រិដ្ឋជន ដែលអាចនិងប្រើប្រាស់ស្ថានការណ៍ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនធ្វើឲ្យមានបញ្ហាដល់ស្ថានទូត ស្ថាន តំណាងបុគ្គលឬមន្រ្តីរបស់ស្ថានទូតឬស្ថានតំណាងទាំងនោះ ហើយ ធ្វើយ៉ាងណាការពារសុវត្ថិភាពជូនពួកគាត់។

សូមបញ្ជាក់ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម បញា្ជ យោធា ចូលវាយប្រហារនិងឈ្លានពានប្រទេសអ៊ុយក្រែន កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខណៈបច្ចុប្បន្នកង កម្លាំង រុស្ស៊ី បាននិងកំពុងឈ្លានពានប្រទេសអ៊ុយក្រែនជាច្រើនកន្លែង
ជាពិសេសក្រុងធំៗរបស់អ៊ុយក្រែន៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner