លោក ហាជីមិ សៃតុ ៖ មានតែកម្ពុជាទេដែលផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដល់ប្រជាពលរដ្ឋខ្លួនចាប់ពីដូសទី១រហូតដល់ដូសទី៤
ខេត្តបាត់ដំបង ៖ លោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន នៅកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារ និង ស្នើសុំ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាអគ្គរាជទូតសន្តិភាព (Ambassador For Peace) នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានថ្លែងថា ក្នុងនាមជាជនបរទេសមួយរូប ដែលបានមកបំពេញបេសកកម្ម នៅក្នុងប្រទេសកម្ពុជា ហើយទទួលបាននូវការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឲ្យជនបរទេស ជាពិសេសរូបលោក បានទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចាប់ពីដូសទី១រហូតដល់ដូសទី៤ ។
លោក ហាជីមិ សៃតុ បានលើកឡើងបន្ថែមថា នៅលើពិភពលោក និងគួរឲ្យស្ញប់ស្ញែង ប្រហែលជាមានតែប្រទេសកម្ពុជា តែមួយគត់ដែលបានផ្តល់ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋរបស់ខ្លួន ។
លោក ហាជីមិ សៃតុ ក៏បានសង្កត់ធ្ងន់ថា លោករស់នៅក្នុងប្រទេសកម្ពុជានិងគ្រប់សកម្មភាពក្នុងការចូលរួមក្នុងកម្មវិធីនានា ហាក់បីដូចគ្មានការភ័យខ្លាចនោះទេ ។ តែផ្ទុយទៅវិញលោកហាក់ដូចជាមានអារម្មណ៍ថា ពិតជាសំណាងខ្លាំងណាស់ ដែលបាន ស្នាក់នៅកម្ពុជា និងពោរពេញទៅដោយ សុខសុវត្ថិភាព និងគ្មានការបារម្ភភ័យខ្លាច ពីការរាតត្បាតដោយ ជំងឺឆ្លងកូវីដ-19 នេះទេ។
ជាការឆ្លើយតប ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់ទៅលោក ហាជីមិ សៃតុ ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការលះបង់និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុស្វែងរកសន្តិភាពនិងរក្សានូវសន្តិភាពជូនប្រជាជននិងប្រទេសជាតិរបស់ខ្លួន ។ ដូចនេះការដែលអង្គការសហព័ន្ធសន្តិភាពពិភពលោក(UPF)ផ្ដល់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ជូនដល់សម្ដេច គឺពិតជាស័ក្តិសម ខ្លាំងណាស់។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្ថែមទៀតថា ប្រទេសកម្ពុជា បើគ្មានសន្តិភាព ដែលកើតចេញពីស្នាដៃ និងពលីកម្មដ៏ធំធេង របស់ សម្ដេចតេជោ ហ៊ុន សែន ទេនោះ គឺ កម្ពុជាមិនអាចមានការរីកចម្រើនដូចសព្វថ្ងៃនេះបានទេ ៕ ដោយ ៖ អ៊ុក សំអាន