សម្ដេចតេជោ ហ៊ុន សែន ថា រុស្ស៊ីនឹងមានការខឹងសម្បារចំពោះយើង ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌
ភ្នំពេញ៖ យោងតាមហ្វេសបុកផេកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit បានផ្សាយថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីការសម្រេចចិត្តរបស់សម្ដេច លើការបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ទាមទារឱ្យរុស្ស៊ី ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ថា ដើម្បីការពារសច្ចៈធម៌ និងជាការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ។
បើតាមហ្វេសបុកផេកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនថ្នាក់ដឹកនាំក្នុងគណៈអចិន្ត្រៃយ៍គណបក្ស គណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ក៏ដូចជាសមាជិកសមាជិការាជរដ្ឋាភិបាលកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ថា សភាពការណ៍នៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ការស្លាប់ជនស៊ីវិលកាន់តែច្រើន ហើយមហាសន្និបាតអង្គការសហប្រជាជាតិកំពុងតែដំណើរការ។ សម្ដេចយល់ថា បញ្ហានេះកម្ពុជាគួរតែមានសកម្មភាពខ្លះទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌកម្ពុជាខ្លួនឯងផង។
សម្ដេចបញ្ចាក់ទៀតថា៖ ក្នុងក្របខណ្ឌអាស៊ានគឺយើងកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀតដើម្បីនឹងចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានការឈប់បាញ់ ព្រោះបើមិនមានការឈប់បាញ់ទេ ជីវិតមនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះមិនអាចឈានទៅមុខបាន ដូច្នេះយើងត្រូវតែសំរេចដើម្បីនឹងធ្វើការអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះជាការចង់បាន សម្រាប់ការចរចាមួយ ក្នុងការរកដំណោះស្រាយ ក្នុងនាមអាស៊ាន។
សម្ដេចតេជោ បានបន្ថែមថា ការសម្រេចបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិចំពោះវិបត្តិអ៊ុយក្រែនគឺវាមានការចាំបាច់ដែលកម្ពុជាត្រូវសំរេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដែលនេះគឺជាជំហរដោយឡែករបស់កម្ពុជា។ សម្ដេចសង្ឃឹមថា រុស្ស៊ីនឹងយល់ ព្រោះកម្ពុជា មាននយោបាយការបរទេសដែលមានដូចជា៖ ការមិនគាំទ្រការបំបែករដ្ឋ និងការមិនគាំទ្រទៅលើការប្រើកម្លាំងគំរាមកំហែងលើអ្នកដទៃ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានចូលរួមជាមួយប្រទេស១៤០ផ្សេងទៀតបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ»។
យោងតាមសេចក្ដីថ្លែងការណ៍នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងពេលប្រជុំបោះឆ្នោតនោះ កម្ពុជាបានសម្ដែងនូវការព្រួយបារម្ភចំពោះស្ថានការណ៍ដែលកំពុងកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើងដែលបណ្ដាលមកពីអរិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ កម្ពុជា មានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាបញ្ជាក់ថា ជំហររបស់ខ្លួនគឺ៖ «រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាព នយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត»។
ក្រោយការសម្រេចរបស់កម្ពុជា ចំពោះដំណោះស្រាយនេះ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះការសម្រេចចិត្តរបស់ប្រទេសកម្ពុជា ដែលចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិចំនួន ១៤០ប្រទេសផ្សេងទៀត ដើម្បីប្រកាន់ខ្ជាប់ដូចគ្នានូវការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីនៃរដ្ឋនានា ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ៕ ដោយ វណ្ណលុក (ដកស្រង់ប្រភពពី EAC News)