កិច្ចចរចាជុំទីពីរ អ៊ុយក្រែន-រុស្ស៊ី យល់ព្រម បេីកច្រករបៀងមនុស្សធម៌សុីវិល និងបទឈប់បាញ់បណ្តោះអាសន្ន

កៀវ៖ ក្នុងអំឡុងកិច្ចចរចាជុំទីពីរ ក្នុងប្រទេសបេឡារូសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បានព្រមព្រៀងគ្នាលើយន្តការ ដើម្បីបង្កើតផ្លូវដែលត្រូវជម្លៀសជនស៊ីវិលចេញពីតំបន់ប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន។

ជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak បាននិយាយថា ភាគីទាំងពីរបានឈានដល់ការយោគយល់គ្នា លើការបង្កើតច្រករបៀងមនុស្សធម៌ រួមជាមួយនឹងបទឈប់បាញ់បណ្តោះអាសន្ន។ លោកបន្តថា រុស្ស៊ី-អ៊ុយក្រែននឹងបង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំច្រករបៀងទាំងនេះ។

ជាមួយគ្នា នេះ ប្រធានគណៈប្រតិភូរុស្ស៊ីលោក វ្ល៉ាឌីមៀ មេឌីនស្គី ក៏បានបញ្ជាក់ពីការរីកចម្រេីននៃកិច្ចចរចាផងដែរ ដោយនិយាយថា ភាគីទាំងពីរបានដោះស្រាយបញ្ហាចម្បងនៃការជួយសង្គ្រោះជីវិតជនស៊ីវិល។ លោកបន្ថែមថា អ្នកចរចាក៏បានរកឃើញចំណុចរួមលើបញ្ហាលេចធ្លោផ្សេងទៀត ដូចជាបញ្ហាយោធា និងមនុស្សធម៌ ព្រមទាំងការផ្សះផ្សាផ្នែកនយោបាយនាពេលអនាគត។

ទោះជាយ៉ាងនេះក្តី ភាគីអ៊ុយក្រែនបាននិយាយថា ខ្លួនមិនទាន់ទទួលបានលទ្ធផលដែលខ្លួនរំពឹងទុកពីការចរចារនៅឡើយទេ។ កិច្ចចរចាបន្ទាប់ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមិនបានបញ្ជាក់ពីពេលវេលា ឬទីតាំងនោះទេ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner