កម្ពុជា និងឡាវ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកម្ពស់វិស័យសន្តិសុខសំដៅធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត
សម្ដេចក្រឡាហោម ស ខេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅដល់ ក្រសួងមហាផ្ទៃនៃប្រទេសឡាវបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីនគរបាលកមក្ពុជាដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ជំនាញ និងបច្ចេកទេស ជូនគ្នាទៅវិញទៅមក ក្នុងវិស័យការពារសន្តិសុខ សណ្ដាប់សាធារណៈ ជូនប្រជាពលរដ្ឋនៃប្រទេសទាងពីរ ឲ្យកាន់តែមានផាពល្អប្រសើរបន្ថែមទៀត។
ថ្លែងក្នុងជំនួប ពិភាក្សាការងារ និងសម្ដែងការគួរសម ជាមួយ ឯកឧត្តម ថង ច័ន្ទម៉ានិស្ស័យ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ នៅព្រឹកថ្ងៃទី ២១ វិច្ឆិកានេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តទៅដល់ភាគីឡាវ ឲ្យប្រកាន់ខ្ជប់នូវគោលការណ៍សន្តិភាព ដើម្បីដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ដូចជា ទំនាក់ការទូត ការដោះស្រាយបញ្ហាព្រំដែនការផ្លាស់ប្ដូរទំនិញ និងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ថង ច័ន្ទម៉ានិស្ស័យ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលឡាវ នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការទូត និងការពិភាក្សាគ្នា ក្នុងការដោះស្រាយផ្សេងៗ ដោយឈរលើ គោលការណ៍សន្តិភាព ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ឯកឧត្តម ថ្លែងបញ្ជាក់ថា ក្រសួងមហាផ្ទៃឡាវ និងពិនិត្យមើលលទ្ធភាព ដែលខ្លួនមាន ដើម្បីចូលរួមជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិរវាងមន្រ្តីនគរបាលនៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន ឧក្រឹដ្ឋកម្មឆ្លង ការជួញដូរមនុស្ស និងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕ធ.ដ