អភិបាលខេត្តរតនគិរី ៖ «ប្រជាជនម្នាក់ កីឡាមួយមុខ» «លេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន»

រតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ជ្រើសយកកីឡាមួយមុខ ទៅតាមគុណតម្លៃ នៃកីឡា តាមរយៈទិសស្លោក “ប្រជាជនម្នាក់ កីឡាមួយមុខ” “លេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន”។ ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួត បាល់ទាត់ពានរង្វាន់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី នៅក្លឹបបាល់ទាត់ដាយមិន ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះសាលាដំបូងខេត្ត ដែលបានរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះឡើង ក្នុងគោលបំណងលើកតម្កើងវិស័យកីឡាឱ្យរីកចម្រើន បណ្ដុះស្មារតីជំរុញចលនាមហាជនទូទៅឱ្យលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន និងលេងកីឡាដើម្បីសុខភាព។ ហើយសកម្មភាពនៃការជួបជុំលេងកីឡានាឱកាសនេះ ក៏បានស្ដែងឱ្យឃើញពីតម្លៃនៃសន្ដិភាព សេរីភាព ដែលយើងគ្រប់គ្នាគប្បីថែរក្សាការពារឱ្យបាន កុំឱ្យជនណាម្នាក់មកបំផ្លិចបំផ្លាញ និងមិនត្រូវជឿលើការ ញុះញង់ ដែលនាំទៅដល់ក្ដីវិនាសកម្ម ដូចយើងកំពុងឃើញជាក់ស្ដែងសង្គ្រាមនៅក្នុងប្រទេសមជ្ឈិមលោក នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ព្រះរាជអាជ្ញាខេត្តរតនគិរី ចែកចេញជា១០ក្រុម គឺពូលA ៥ក្រុម និងពូលB ៥ក្រុម ដោយចាប់ផ្តើមដំណើរការប្រកួតចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២តទៅ ។ បើមិនមានកែប្រែកម្មវិធីប្រកួតទេ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner