ស្ត្រីមេម៉ាយក្រីក្រនៅស្រុកស្វាយលើ បានទទួលផ្ទះមនុស្សធម៌ទី៨២ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
សៀមរាប ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌ទី៨២នេះ ឧបត្ថម្ភដោយឧកញ៉ា អ៊ឹង លីហេង និង លោកជំទាវ តាំង ហ្កិចលាង តម្លៃ ៣៨០០ដុល្លារ (បីពាន់ប្រាំបីរយដុល្លារ) ផ្ទះទំហំ ៦ម៉ែត្រ x ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០,៥០ម៉ែត្រ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
ផ្ទះនេះត្រូវបានប្រគល់ជូនអ្នកស្រី សំ អង ស្ត្រីមេម៉ាយក្រីក្រ អាយុ ៤៧ឆ្នាំ មានកូន ៥នាក់ ស្ថិតនៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២២។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចមានពាក្យស្លោកមួយឃ្លា បានលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។
អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះជារួមមាន មុង១ ភួយ៣ សារុង១ ក្រមា១ កន្ទេល១ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ ខ្នើយ២ អាវយឺត២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាចំនួន ៤សែនរៀល។ ជាមួយគ្នានេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងប្រតិភូរួមដំណើរក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនបន្ថែមទៀតផងដែរ។
សម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនោះចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) អាវយឺត២ និងថវិកា ៤ម៉ឺនរៀល ៕ ដោយ ស៊ាន សុផាត