គណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុស្វាគមន៍សមាជិកថ្មីជាង១ ៨០០ នាក់

ព្រះសីហនុ៖ គណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះ សំណាល និងបញ្ចូល សមាជិកគណបក្សថ្មីរបស់ក្រុងព្រះសីហនុចំនួន១ ៨៥៧ នាក់ ក្រោមអធិបតីភាព អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សា សម្តេចតេជោប្រធានគណបក្ស ឯកឧត្តម តឹក រ៉េតសំរេច ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកាសរុបប្រមាណជិត ២.០០០នាក់។

ថ្លែងក្នុងឱកាសនេះអ្នកឧកញ៉ា លី សាម៉េត បាននាំមកនូវការសួរសុខទុក្ខដោយផ្ទាល់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកសមាជិកាថ្មីក្រុងព្រះសីហនុទាំង១,៨៥៧ នាក់ ដោយក្នុងនោះមានមកពីអតីតគណបក្សប្រឆាំងផងដែរ ដែលសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកលើកឡើងថា មានតែគណបក្ស ប្រជាជន កម្ពុជាមួយគត់ ដែលបានដឹកនាំ និង កសាងប្រទេសពីបាតដៃទទេ ពីសង្រ្គាម រហូតទទួលបានសន្តិភាពពេញលេញ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។គណបក្សប្រជាជនកម្ពុជាបានរំដោះប្រជាជនឪ្យរួចផុតពី របបប្រល័យពូជសាសន៍ប៉ុលពត ។ គណបក្សប្រជាជនគឺជានយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃ ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ពីទីក្រុងរហូតដល់ទីជនបទ។

អ្នកឧកញ៉ា លី សាម៉េត បានបញ្ជាក់ថា ការសម្រេចចិត្តរបស់បងប្អូននៅពេលនេះ គឺជាការសម្រេចដ៏ត្រឹមត្រូវ និងទាន់ពេលវេលាបំផុត ដើម្បីរួមគ្នាសំរេចជោគវាសនា និង អភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែរីកចំរើនជានិច្ចនិរន្តន៍។

អ្នកឩកញ៉ា លី សាម៉េត និងសមាជិកសមាជិកាទាំងអស់ ក៏បានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគតផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner