សមត្ថកិច្ចបំបែកសំណុំរឿងសម្លាប់ស្ត្រីចិនដោយច្របាច់កក្នុងបន្ទប់ (Video Inside)
សមត្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់, ដោយជនដៃដល់ ជាតិចិនត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនបាននៅរាជធានីភ្នំពេញ។ ការចាប់ខ្លួនជនដៃ ដល់នោះ បានធ្វើឡើងកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។
ស្ត្រីជនជាតិចិនដែលត្រូវ ឃាតករ សម្លាប់ដោយការច្របាច់បំពង់កនិងផ្ទប់ដង្ហើមឱ្យស្លាប់ក្នុងហេតុការណ៍កាលពីចុង ខែកុម្ភៈ កន្លងមកនេះ ឈ្មោះ លូ ហ្ស៊ីជីន អាយុ ៤២ឆ្នាំ។ ហេតុការណ៍ឃាតកម្មថ្ងៃទី២៨កុម្ភៈ បានស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង ជាន់ទី០១ តាមបណ្តោយផ្លូវលេខ១០២ ក្រុម០២ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ស្ត្រីជនរងគ្រោះ ត្រូវឃាតករ បាន យកខ្សែចងដៃ, ចងជើង ហើយច្របាច់ បំពង់ក នឹងផ្ទប់ផ្លូវដង្ហើមស្លាប់នៅនឹងកន្លែងកើត ហេតុ។
ជនសង្ស័យជាឃាតករអាយុ៣១ឆ្នាំ ឈ្មោះ LI XIAO JIANG លី ស៊ាវជាង ត្រូវសមត្ថ កិច្ចតាមរកឃើញនៅក្នុងរាជធានី ភ្នំពេញ និងបានចាប់ខ្លួននៅចំណុច សណ្ឋាគារឈ្មោះ ម៉ាន់ សឺគ័ង ស្ថិតនៅក្នុងភូមិ ក្បាលដំរី២ សង្កាត់កាកាបទី២ នៃខណ្ឌពោធិ៍សែនជ័យ។
នាយការិយាល័យរដ្ឋបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក មុំ ចេក បានថ្លែងថា គេបានដកហូតអាវុធខ្លីមួយដើមបេរ៉េតា, ប្រាក់ដុល្លារសែន ០១ដុំ និងទូរស័ព្ទ ០១គ្រឿង។