បុរសបេីករថយន្តToyota Prius បុកទ្រូងផ្លូវបាក់មួយកង់ ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសបានបើករថយន្ត Toyota Prius ក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់មួយកង់ ឯរថយន្តបង្កដាច់កាឡេកង់មុខខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខមន្ទីរពេទ្យ ព្រះកុសមៈ(ហៅពេទ្យលោកសង្ឃ) តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BK-3748ធ្វើដំណេីរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្ម ឬក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ខ្ទាតចេញពីជួរចំនួនមួយកង់ ចំណែករថយន្តបង្ករេចង្កូតមកខាងស្ដាំដៃវិញ និងដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងធ្វើការឃាត់ម្ចាស់រថយន្តបង្កយកនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួរនាំនិងចាត់ការបន្ត ។ ចំណែករថយន្តខាងលេី ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner