ក្រសួងសុខាភិបាល ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល (CMS)។

ក្នុងពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងដោយមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រធានមន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត។ ចំណែកខេត្ត ដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះ រួមមាន៖
១. មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ
២.មន្ទីរសុខាភិបាលខេត្តបាត់ដំបង
៣.មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៥.មន្ទីរសុខាភិបាលខេត្តកំពង់ធំ
៦.មន្ទីរសុខាភិបាលខេត្តកំពត
៧.មន្ទីរសុខាភិបាលខេត្តកណ្តាល
៨. មន្ទីរសុខាភិបាលខេត្តព្រៃវែង
៩. មន្ទីរសុខាភិបាលខេត្តសៀមរាម
១០. មន្ទីរសុខាភិបាលខេត្តតាកែវ
១១. មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
១២.និងឃ្លាំងឱសថកណ្តាលក្រសួងសុខាភិបាល
ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរ តាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។

រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានីខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន១០ គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕ អូន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner