ឯកឧត្តម ជួប ប៉ារីស ៖ ការបង្កើតសហគមន៍សុវណ្ណាបៃតង គឺជាការគិតគូរពីជីវភាពពលរដ្ឋ និងជាវិធានការដ៏មានប្រសិទ្ធភាព ការពារ និងអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «គម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវ៉ាញផ្តល់អត្ថប្រយោជន៍ដល់សហគមន៍សុវណ្ណបៃតង» កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ឯកឧត្តម ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង មន្រ្តីបង្គោលគម្រោងរ៉េដបូក បានលើកឡើងថា ការបង្កើតសហគមន៍សុវណ្ណាបៃតងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife alliance) តាមរយៈការគិតគូរអំពីជីវភាពរបស់ពលរដ្ឋនេះ គឺជាវិធានការមួយដ៏មានប្រសិទ្ធភាពក្នុងការពង្រឹង ការពារ និងអភិរក្សធនធានធម្មជាតិ ខណៈក្រសួងក៏កំពុងពង្រឹងតួនាទីរបស់ ប្រជាពលរដ្ឋនៅតាមតំបន់ការពារ និងអភិរក្សធនធានធម្មជាតិជាតិផ្សេងទៀត។

ឯកឧត្តម បានបន្ថែមថា គម្រោងនេះគឺបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការងារការពារអភិរក្សធនធានធម្មជាតិ តាមរយៈ យកថវិកា ពីការអភិវឌ្ឍន៍ដំណាំកសិកម្មនៅក្នុងសហគមន៍ មកជួយថែរក្សាព្រៃឈើ យកថវិកា ជួយសហគមន៍ ដើម្បីឱ្យប្រជាសហគមន៍ចូលរួមជួយថែរក្សាការពារព្រៃឈើ ។

កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលផ្លាស់ទីមករស់នៅក្នុងសហគមន៍ភូមិសុវណ្ណបៃតង ឃុំកណ្ដោល ស្រុកបទុមសាគរខេត្តកោះកុង ក្រោមគម្រោងអភិវឌ្ឍន៍កសិកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទទួលបានដីសម្បទានសង្គមកិច្ច គឺក្នុង ១គ្រួសារបានដីទទឹង ២៥ម៉ែត្រ និងបណ្ដោយ ៦០០ម៉ែត្រ ដើម្បីធ្វើដីភូមិ ដីចម្ការ និងដីសម្រាប់ដំណាំហូបផ្លែផ្សេងៗដើម្បីកាត់ផ្ដាច់មុខរបររបស់ពួកគាត់ពីមុនមក ដែលធ្លាប់ចូលព្រៃប្រមូលអនុផលព្រៃឈើ កាប់ឈើ និងបរបាញ់សត្វព្រៃ។

កញ្ញា ថា៖ «នេះគឺជាការអនុវត្តគម្រោងដែលជំរុញឱ្យមានការផ្លាស់ប្ដូរជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ហើយដើម្បីឱ្យពួកគាត់មានភាពនឹងនរ ដោយសារ ទី១ មានដីកម្មសិទ្ធិ ទី២ មានមុខរបរ ទី៣ មានចំណូល និងទី៤ មានសុវត្ថិភាពសម្រាប់ការរស់នៅរបស់ពួកគាត់។

កញ្ញា បន្តទៀតថា ការមករស់នៅក្នុងសហគមន៍គឺមានភាពងាយស្រួលជាងមុន ដោយសារតែមានសាលារៀន មន្ទីរពេទ្យ និងផ្សារនៅជិតផ្ទះដែលកូនៗអាចមានឱកាសបានរៀនចប់វិទ្យាល័យ ហើយខ្លះរហូតអាចបន្តការសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញថែមទៀត។

លោក អាត ណុច ប្រធានសហគមន៍សុវណ្ណាបៃតង បានឱ្យដឹងថា សហគមន៍សុវណ្ណាបៃតង បង្ហាញវឌ្ឍនភាពរបស់ខ្លួន និងមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះចាប់ផ្ដើមនៅឆ្នាំ២០០៤ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងជំនួយពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក ( USAID ) ដែលមានចំនួនគ្រួសាររស់នៅជាង ១០០គ្រួសារប៉ុណ្ណោះ។ លោកបន្ថែមថា ឥឡូវនេះគ្រួសារប្រមាណជាង ២៥០គ្រួសារដែលកំពុងរស់នៅ និងទទួលអត្ថប្រយោជន៍ពីគម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញ និងគម្រោងសុវណ្ណាបៃតង។

រយៈពេលប៉ុន្មានឆ្នាំនេះសហគមន៍ទទួលបានជោគជ័យច្រើនដូចជាក្នុងឆ្នាំ២០១៣ សហគមន៍ត្រូវបានបង្កើតឡើងដំណាំផ្លែឈើហូបផ្លែជាច្រើនប្រភេទត្រូវបានដាំរួមមាន ៖ ធុរេន សាវម៉ាវ និងមានជាដើម ។ នៅដើមឆ្នាំ២០១៧ សហគមន៍សិប្បកម្មសុវណ្ណាបៃតងត្រូវបានចាត់ឲ្យទទួលខុសត្រូវលើការគ្រប់គ្រងទីតាំងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃបន្តផ្ដល់ជំនួយបច្ចេកទេស ៕ ដោយ ង៉ាន ទិត្យ

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner