ឯកឧត្តម ជុក ជំនោ ចូលរួមកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំវិសាមញ្ញរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ឯកឧត្តម ជុក ជំនោរ អគ្គនាយករងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឆ្នេរសមុទ្រកម្ពុជា បានចូលរួមកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំវិសាមញ្ញរបស់ក្លឹប តាមប្រព័ន្ធ Zoom ដោយមានការចូលរួមពីឆ្នេរសមាជិកទូទាំងពិភពលោក គណៈប្រតិបត្តិក្លឹប ក្រោមការដឹកនាំរបស់លោក Michel BUJOLD ប្រធានក្លឹបសម្រាប់អាណត្តិបច្ចុប្បន្ន។
នេះជាលើកពីរ ដែលក្លឹបបានប្រារព្វមហាសន្និបាតប្រចាំឆ្នាំលើកដំបូងតាមរយៈវិដេអូខនហ្វឺរិន (Video Conference) ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
អង្គសន្និបាត បានពិភាក្សា និងផ្តោតការចាប់អារម្មណ៍ លើប្រធានបទសំខាន់ៗ រួមមាន៖
− ការពន្យាអាណត្តិបច្ចុប្បន្នរបស់ប្រធានក្លឹប
− ការពិនិត្យ និងសម្រេចទៅលើបេក្ខភាពឆ្នេរសមុទ្រ Sbles d’Olonne ប្រទេសបារាំង
− របាយការណ៍ហិរញវត្ថុប្រចាំឆ្នាំ
− លទ្ធផលនៃការចូលរួមកិច្ចប្រជុំ IUCN នៅទីក្រុង Marseille ប្រទេសបារាំង
− លទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូល One Ocean នៅទីក្រុង Brest ប្រទេសបារាំង
− គម្រោង Bay 2 Bay
− កិច្ចសហការរវាងឆ្នេរ La Ciotat និងឆ្នេរ Porto-Girolata
− គម្រោងបង្កើតប្រព័ន្ធបង្ហាញឆ្នេរសមាជិក
− លទ្ធភាពនៃការចូលរួមកិច្ចប្រជុំកំពូលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (Sommet ONU Oceans) នៅទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់ និងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នេរសមុទ្រ Setubal ភ្ជាប់ជាមួយព្រឹត្តិការណ៍នេះ
− ការរៀបចំមហាសន្និបាតក្លឹប ឆ្នាំ២០២២ នៅឆ្នេរសមុទ្រកម្ពុជា
− ការរៀបចំមហាសន្និបាតក្លឹប ឆ្នាំ២០២៣ នៅឆ្នេរសមុទ្រ Yeosu ប្រទេសកូរ៉េខាងត្បូង
− បញ្ហាផ្សេងៗ
ជាលទ្ធផល អង្គសន្និបាត បានឯកភាព និងដាក់ចេញនូវទិសដៅការងារ ដូចខាងក្រោម៖
- ១. អង្គសន្និបាត កោតសរសើរអំពីលទ្ធភាពដែលគណៈប្រតិបត្តិ និងសមាជិកទាំងអស់សម្រេចបាន ទោះបីជំងឺកូវីដ-១៩ នៅបន្តរំខានដំណើរការការងារមួយចំនួន
- ២. អង្គសន្និបាត សម្រេចទទួលពន្យាអាណត្តិរបស់ប្រធានបច្ចុប្បន្ន រហូតដល់មហាសន្និបាតក្លឹបនៅកម្ពុជា ដែលគ្រោងរៀបចំនាខែធ្នូ ឆ្នាំ២០២២
- ៣. អង្គសន្និបាត សម្រេចទទួលយកឆ្នេរសមុទ្រ Sables d’Olonne ជាសមាជិកក្លឹប
- ៤. អង្គសន្និបាត ឯកភាព និងបន្តពិភាក្សានូវគម្រោង និងការងារ ដែលបានលើកឡើងដោយលោក Bruno Bodard អគ្គនាយកក្លឹប ក្នុងអង្គសន្និបាត
- ៥. អង្គសន្និបាត វាយតំលៃខ្ពស់ចំពោះការត្រៀមមហាសន្និបាតក្លឹប ឆ្នាំ២០២២នៅកម្ពុជា ដោយរំពឹងថានឹងក្លាយជាឱកាលជួបជុំដោយផ្ទាល់ជាលើកដំបូងរវាងសមាជិកទាំងអស់ទាំងអស់គ្នា បន្ទាប់ពីខកខានដោយសារវិបត្តិជំងឺកូវីដ-១៩។
នាឱកាសនោះ ឯកឧត្តម បណ្ឌិត ជុក ជំនោរ បានពាំនាំនូវការថ្លែងអំណរគុណរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន ដល់សមាជិកក្លឹបទាំងអស់ ដែលបានបោះឆ្នោតគាំទ្រកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្លឹបនៅឆ្នាំ២០២២នេះ។ ឯកឧត្តម ក៏បានបញ្ជាក់អំពីការខិតខំអស់ពីលទ្ធភាពក្នុងការរៀបចំមហាសន្និបាតក្លឹបជាលើកទី២នេះ ឲ្យទទួលបានលទ្ធផលជាទីគាប់ប្រសើរ និងបង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់គ្រួសារឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។
ជាទីបញ្ចប់ អង្គសន្និបាតបានថ្លែងអំណរគុណសមាជិកក្លឹបទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមសន្និបាតវិសាមញ្ញនេះ បើទោះបីមានគំលាតម៉ោងខុសគ្នាច្រើនរវាងតំបន់ដែលឆ្នេរសមាជិកស្ថិតនៅ និងត្រូវរក្សាទំនាក់ទំនង ក៏ដូចជាធ្វើបច្ចុប្បន្នភាពជាប្រចាំរវាងសមាជិកក្លឹប និងគណៈប្រតិបត្តក្លឹប រហូតដល់ស្ថានការណ៍នៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងបានជាសាកល៕ ចាន់ វិចិត្រ




















