នៅអគារថ្មីកម្ពស់ ០៩ជាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរៀបចំពិធីរាជាភិសេកបដិមាព្រះករុណាព្រះបាទជ័យវរ្ម័នទី៧ ដើម្បីគោរពប្រតិបត្តិបូជា សុំសេចក្តីសុខ
ភ្នំពេញ ៖ នៅអគារថ្មីកម្ពស់ ០៩ជាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីរាជាភិសេកបដិមាព្រះករណាព្រះបាទជ័យវរ័្មនទី៧ តាមជំនឿសាសនា ដើម្បីទុកជាការគោរពប្រតិបត្តិបូជានិងសុំសេចក្តីសុខសេចក្តីចម្រើន។
ពិធីនេះបានរៀបចំឡើងដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣៣ និងតាជីយាយជីមួយចំនួនទៀត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអុជទានធូប និងបំពាក់កម្រងផ្កា ហើយបានបួងសួង ដល់តេជះបារមីរបស់ព្រះករណាព្រះបាទជ័យវរ័្មទី៧ឱ្យជួយថែរក្សាការពារបីបាច់ប្រជាជននិងប្រទេសកម្ពុជា សប្បាយរុងរឿងទទួលបានសុខសន្តិភាព ស្ថិរភាព យូរអង្វែង មានការអភិវឌ្ឍន៍កាន់តែរីកចម្រើន ក្នុងនោះក៏បួងសួងជួយការពារថែរក្សាកងកម្លាំងនគរបាលរាជធានីភ្នំពេញ ឱ្យបានសេចក្តីសុខត្រជាក់ត្រជុំ បំពេញភារកិច្ចជោគជ័យ នឹងចៀសផុតពីជំងឺឆ្លងកាចសាហាវទាំងពួងទាំងឡាយឱ្យរសាត់ឆ្ងាយបាត់ទៅ។
សូមរំលឹកថា បើយោងតាមប្រវត្តិសាស្រ្តខ្មែរគឺព្រះករុណាព្រះបាទជ័យវរ័្មទី៧ ជាអង្គក្សត្រដែលមានឬទ្ធិអំណាចខ្លាំងពូកែ និងកសាងអាណាចក្រខ្មែរនាសម័យអង្គរបានរុងរឿង ហើយជាស្តេចសឹកសង្រ្គាមមួយអង្គយ៉ាងខ្លាំងក្លាធ្វើសឹកសង្រ្គាមការពារពង្រីកទឹកដី ដោយធ្វើឱ្យសត្រូវខ្លបខ្លាច៕ ដោយ / គ្រី សម្បត្តិ