សេតវិមាន៖ លោក ចូ បៃដិន នឹងមិនធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែននោះទេ
វ៉ាស៊ីនតោន៖ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី ជែន សាគី ថ្លែងថា លទ្ធភាពរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ធ្វើទស្សនកិច្ចនៅអ៊ុយក្រែននឹង “មិនកើតឡើងទេ” ប៉ុន្តែមានហេតុផលមួយចំនួននៅពីក្រោយការសម្រេចចិត្តមិនចូលទៅក្នុងតំបន់មានសង្រ្គាម។
លោកស្រី សាគី បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា លោក បៃដិន គ្មានគម្រោងធ្វើដំណើរទៅអ៊ុយក្រែនទេ ហើយថា សម្រាប់ប្រធានាធិបតីណាក៏ដោយ ការធ្វើដំណើរចូលទៅក្នុងតំបន់មានសង្រ្គាម ទាមទារមិនត្រឹមតែការគិតគូរពីសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែធនធានដ៏ធំសម្បើមទាំងនៅលើផ្លូវគោក ដែលតែងតែជាកត្តាសំខាន់មួយ។ ប៉ុន្តែលោក បៃដិន និងក្រុមសន្តិសុខមានអារម្មណ៍ដូចគ្នាថា លោកអាចធ្វើដំណើរដ៏មានប្រសិទ្ធភាព និងមានឥទ្ធិពលបំផុត ដោយរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំអង្គការណាតូ ក្រុមប្រទេស G7 និងសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ដើម្បីកំណត់ទាំងការបន្តការសម្របសម្រួលផ្នែកយោធា មនុស្សធម៌ និងសេដ្ឋកិច្ច។
គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ ៧៩ឆ្នាំគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ និងកិច្ចប្រជុំផ្សេងទៀតនៅទីក្រុងព្រុចសែល នៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ។ នៅថ្ងៃបន្ទាប់ លោក បៃដិន នឹងបន្តដំណើរទៅកាន់ទីក្រុង Warsaw សម្រាប់កិច្ចប្រជុំជាមួយសមភាគីប៉ូឡូញលោក អង់ដ្រេ ឌូដា ដើម្បីពិភាក្សាអំពីការឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្ស ដែលបង្កឡើងដោយជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់សេតវិមាន៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា