វិមានក្រឹមឡាំង៖ វាលឿនពេកហើយ ដែលត្រូវនិយាយពីជំនួបរវាងលោក ពូទីន និងលោក ហ្សេលេនស្គី

ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផេស្គូវ នៅថ្ងៃចន្ទថ្លែងថា វាហាក់ដូចជាលឿនពេកហើយ ក្នុងការនិយាយអំពីជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រោះថា មិនទាន់មានដំណោះស្រាយណាមួយនៅក្នុងកិច្ចចរចាសន្តិភាពនៅឡើយទេ។

លោក ផេស្គូវ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃយ៉ាងដូច្នេះថា ដើម្បីអាចពិភាក្សាអំពីកិច្ចប្រជុំដែលអាចធ្វើទៅបានរវាងលោកប្រធានាធិបតីទាំងពីរ អ្នកត្រូវតែធ្វើកិច្ចការក្នុងផ្ទះរបស់អ្នក (អ៊ុយក្រែន) ជាមុនសិន។ នោះគឺអ្នកត្រូវដឹកនាំ និងយល់ព្រមលើលទ្ធផលនៃការចរចា។

លោក ផេស្គូវ បន្តថា រហូតមកដល់ពេលនេះ មិនទាន់មានវឌ្ឍនភាពសំខាន់ណាមួយត្រូវបានធ្វើឡើងទេ នៅក្នុងដំណើរការចរចា ពោលគឺប្រធានាធិបតីគ្រាន់តែមិនទាន់មានកិច្ចព្រមព្រៀងដើម្បីអនុម័តនៅឡើយ។

ការអះអាងបែបនេះរបស់វិមានក្រឹមឡាំង បានកើតមានឡើងបន្ទាប់ពីទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក មីខែលឡូ ប៉ូដូលីយ៉ាក កាលពីថ្ងៃពុធសប្តាហ៍មុនថ្លែងថា លោក ហ្សេលេនស្គី អាចនឹងជួបពិភាក្សាជាមួយលោក ពូទីន នៅប៉ុន្មានថ្ងៃខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner