វៀតណាម៖ តម្លៃប្រេងសាំងចុះថោកដំបូង ក្នុងពេលបីខែ
ហាណូយ៖ តម្លៃប្រេងសាំងរបស់ប្រទេសវៀតណាមបាន ធ្លាក់ចុះពី ២,២ ទៅ ២,៣ ភាគរយ កាលដើមសប្តាហ៍នេះ ជាការធ្លាក់ចុះដំបូង ក្នុងពេលបីខែ។
តម្លៃសាំងដ៏ពេញនិយម RON 95 ធ្លាក់ចុះ ៦៣០ ដុង មកនៅត្រឹម ២៩.១៩០ ដុងក្នុងមួយលីត្រ ខណៈប្រេងឥន្ធនៈ E5 RON 92 ធ្លាក់ចុះ ៦៥០ ដុង ទៅ ២៨.៣៣០ ដុង (១ ដុល្លារ = ២២.៨៧៥ ដុង)។
តម្លៃប្រេងឥន្ធនៈផ្សេងទៀត រួមទាំងប្រេងកាត ប្រេងម៉ាស៊ូត និងម៉ាស៊ូតក៏បានធ្លាក់ចុះពី ២,៧ ទៅ ៧,៥ ភាគរយផងដែរ។
នេះជាលើកទីមួយហើយដែលអាជ្ញាធរបានកែសម្រួលតម្លៃសាំងចុះក្រោម ចាប់តាំងពីខែធ្នូកន្លងទៅ។
តម្លៃប្រេងសាំងបានកើនឡើងប្រហែល ៣០ ភាគរយចាប់ តាំង ពីពេលនោះមក ជាមួយនឹងការកើនឡើងខ្ពស់បំផុត ១០ ភាគរយ នៅថ្ងៃទី ១១ ខែមីនា។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ដែលទទួលខុសត្រូវលើការកែសម្រួលតម្លៃប្រេងសាំង នៅក្នុង ប្រទេសវៀតណាម បានលើកឡើងថា តម្លៃផលិត ផលប្រេង ឥន្ធនៈសកល ជាមធ្យម បានធ្លាក់ចុះពី ៧,៣ ទៅ ១៥,៧ ភាគរយ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ។
តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានកើនឡើង ពី កម្រិត ទាបសប្តាហ៍មុន ៩៥ ដុល្លារក្នុងមួយបារ៉ែល ដល់ជិត ១១០ ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទទី២១ខែមីនា៕ ប្រែសម្រួលដោយ៖ សារ៉ាត