ក្រសួងអប់រំសហការជាមួយទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិប្រកាសអនុវត្តជាផ្លូវការគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានរៀបចំពិធីប្រកាសការអនុវត្តជាផ្លូវការ គម្រោង អប់រំបរិយាបន្ននៅបឋមសិក្សា (IPEA)។

ពិធីនេះប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី២៣ខែមីនានៅសណ្ឋាគា ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម ផាទ្រីក មឺហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជា ណា ចក្រកម្ពុជានិងដៃគូ អភិវឌ្ឍនានា បុគ្គលិកក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាន ថ្លែងថា ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក បានបង្កើត កម្មវិធីអំណាន ថ្នាក់ដំបូង (EGR) ដែលគេស្គាល់ជាទូទៅថា ជា គម្រោង គាំទ្រ ភាសាខ្មែរថ្នាក់ដំបូង បានធ្វើការក្នុងភាពជាដៃគូ ជាមួយ ក្រសួង អប់រំ យុវជន និងកីឡា និងភាពជាដៃគូសកលសម្រាប់ការ អប់រំ ដែលហៅកាត់ថា GPR ដើម្បីអនុវត្តកម្មវិធីអំណាន សម្រាប់ថ្នាក់ទី១ និងទី២ នៅសាលារដ្ឋចំនួន ២.៥០០ សាលា ក្នុងខេត្តគោលដៅចំនួនប្រាំបី។

ផ្អែកលើសមិទ្ធផលរបស់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង (ACR-cambodia) យើងនឹងបន្តអនុវត្តគម្រោងអប់រំ បរិយាបន្ន នៅបឋមសិក្សា ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំផ្សេងៗទៀត ក្នុងកិច្ចខិត ខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់កម្មវិធីសិក្សាកម្រិតថ្នាក់ដំបូង ដល់សិស្សានុសិស្សនៅទូទាំងប្រទេស ដោយធានាថា គ្មាន កុមារណាម្នាក់ត្រូវបានគេមើលរំលង រួមទាំងកុមារដែលមាន ពិការភាពផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភា្នក់ងារជំនួយសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង ទទួលបានលទ្ធផល ល្អប្រសើរ។ ក្រសួងអប់រំ ផ្តល់អាទិភាពខ្ពស់បំផុតដល់ ការ លើក កម្ពស់សមត្ថភាពអានរបស់សិស្សានុសិស្ស ជាពិសេស នៅថ្នាក់ទី១ ទី២ និងទី៣ ក្រសួងបានសហការជា មួយអង្គការ ដៃគូពាក់ព័ន្ធដើម្បីផលិតកញ្ចប់សម្ភារៈអំណានដំបូងរួមមាន សៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស ប័ណ្ណអក្សរ រូបភាព ដើម្បីជួយពង្រឹងសមត្ថភាពសិស្សក្នុងការចងចាំ ក៍ដូចជា វិធីសាស្រ្ត ក្នុងការបង្រៀន សៀវភៅហ្វឹកហាត់សរសេរ និងសៀវភៅរឿងខ្លីៗជាដើម ហើយការអានសៀវភៅទាំងនេះ ក៍ជួយពង្រឹងបន្ថែមទៀតដល់សិស្សបន្ទាប់ពីរៀនអក្សរ។

អំណានគឹជាមូលដ្ឋានគ្រឹៈក្នុងការពង្រឹងគុណភាពអប់រំ ក្នុងការបន្តការសិក្សាទៅមធ្យមសិក្សា និងឧត្តមសិក្សា។ វិធីសាស្ត្របង្រៀនអំណានដំបូងត្រូវបានរៀបចំឡើងដើម្បីជួយគ្រូ ក្នុងការដឹកនាំការបង្រៀន និងរៀនកាន់តែសកម្ម ការគ្រប់ គ្រង ថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព តាមរយៈការអនុវត្ត សកម្មភាព ក្នុងថ្នាក់រៀនតាមគោលការណ៍”ខ្ញុំធ្វើ យើងធ្វើ និងអ្នកធ្វើ វិធីបង្រៀន” ។អំណានដំបូងនេះ ប្រមូលផ្តុំនូវវិធី សាស្រ្តពីរ គឹវិធីសាស្រ្តប្រកប និងវិធីសាស្រ្តសរុប ជួយឱ្យ កុមារ ចេះប្រកប ជួយឱ្យការចងចាំ ដោយបង្ហាញជារូបភាព និងជួយពង្រឹងឱ្យកុមារចេះស្គាល់សូរ ស្គាល់តួអក្សរ ចេះ អានព្យាង្គ និងពាក្យ ចេះអានស្ទាត់ អានយល់ ន័យអំណានលឺ អំណានដៃគូរ អំណានបុគ្គល ដោយប្រើសៀវភៅរឿង ខ្លីៗ សម្រាប់សិស្សអានចំនួន៦០ចំណងជើង។

ឯកឧត្តមបានបញ្ជាក់ថា កញ្ចប់អំណាន និងគណិតវិទ្យា ថ្នាក់ ទី១ និងថ្នាក់ទី២ ដែលបានអនុវត្តកន្លងមកពិតជាមាន គុណភាព និងប្រសិទ្ធភាព ក្នុងការបង្រៀន និងរៀន ដែល យើងអាចយកទៅប្រើប្រាស់ ពង្រីកការអនុវត្តទូទាំងប្រទេស ក្នុងន័យលើកកម្ពស់គុណភាពអប់រំ តាមរយៈបង្កើនលទ្ធផល ការ សិក្សារបស់សិស្ស នៅបឋមសិក្សា ពោលគឺកុមារកម្ពុជា ចេះអាន ចេះសរសេរ និងចេះគិតលេខទាំងអស់គ្នា ដែលជា មូលដ្ឋានគ្រឹះនៃការអប់រំ នៅថ្នាក់មធ្យមសិក្សានិងឧត្តមសិក្សា ផងដែរ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner