ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិការ ៤លានរៀល និងអំណោយស្បៀងអាហារជូនគ្រួសារសពអតីតយុទ្ធជនស្រុកស្ទោង
ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិការបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយស្បៀងអាហាររបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនគ្រួសារសពលោក ញ៉ឹប ញឿន អាយុ ៤៤ឆ្នាំ ជាយុទ្ធជនពិការ បានទទួលលមរណភាពដោយរោគាពាធ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅភូមិព្រះន័ង្គល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានខិតខំដោះស្រាយរាល់ការលំបាកគ្រប់បែបយ៉ាងរបស់បងប្អូនអតីតយុទ្ធជនទាំងការបែងចែកដីធ្លី ការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់ប័ណ្ណបេឡាជាតិសន្តិសុខសង្គម សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ និងបានបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ចំណែកថវិកាបេឡាមរណសង្រ្គោះគឺប្រគល់ជូនគ្រួសារសព សម្រាប់ធ្វើបុណ្យឲ្យបានសមរម្យ ថែមទាំងរកវ៉ាក់សាំងការពារជម្ងឺកូវីត១៩ ចាក់ជូនអតីតយុទ្ធជនយើងជាអទិភាព។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងបានផ្ដាំផ្ញើដល់គ្រួសារសពអតីតយុទ្ធជន និងប្រជាជន ត្រូវខិតខំបន្តថែរក្សាសុខភាព ឲ្យជៀសផុតពីជំងឺកូវីដ-១៩ ក្រុមគ្រួសារសពអតីតយុទ្ធជននៃសព បានថ្លែងអំណរគុណដ៏ សម្ដេចតេជោហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងសូមគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជន សុខសប្បាយ និងសុខភាពល្អ ៕ ដោយ ប៊ុន រដ្ឋា