កម្ពុជាសម្ពោធផ្លូវជាតិ២១នៃជំនួយហិរញ្ញប្បទានកូរ៉េខាងត្បូង (Video Inside)
ផ្លូវនៃច្រកពាណិជ្ជកម្មដ៏ធំមួយរវាងកម្ពុជានិងវៀតណាម បានធ្វើការសម្ពោធជាផ្លូវការនៅថ្ងៃ ទី២៣មីនានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ផ្លូវជាតិលេខ ២១ ប្រវែងជាង៦៣គីឡូម៉ែត្រដែលភ្ជាប់ក្រុងតាខ្មៅរហូតដល់ចំណុចច្រកព្រំដែនវៀតណាម ជ្រៃធំក្នុងខេត្តកណ្តាល គឺជាជំនួយហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ។ ឯកអគ្គរដ្ឋទូតកូរ៉េ ខាងត្បូង ប្រចាំកម្ពុជាលោកផាក ហ៊ឹងព្យុង បានថ្លែងចាប់អារម្មណ៍ក្នុងទិវាសម្ពោធថ្ងៃនេះ។
កម្ពុជាដែលលាតសន្ធឹងជាប់នឹងព្រំដែនវៀតណាម មានខេត្តមួយចំនួនដែលមានច្រកព្រំដែន រួមគ្នាជាមួយនឹងវៀតណាម ប៉ុន្តែចម្ងាយផ្លូវដែលជិតព្រំដែនរវាងរាជធានីភ្នំពេញទៅព្រំដែន វៀតណាមនោះ គឺជាផ្លូវជាតិលេខ២១ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ។ សម្តេច តេជោ ហ៊ុន សែន បានថ្លែងថាផ្លូវជាតិលេខ២១នេះហើយ ដែលជាច្រកធ្វើពាណិជ្ជកម្មសំខាន់ រវាងកម្ពុជានិងវៀតណាម។
ផ្លូវជាតិលេខ២១ ធ្លាប់ត្រូវបានសាងសង់ម្តងរួចមកហើយកាលពីឆ្នាំ២០០២ ជាប្រភេទ ផ្លូវ ក្រាលកៅស៊ូពីរស្រទាប់ DBST។ ប៉ុន្តែដោយសារផ្លូវនេះ ជាខ្សែផ្លូវធ្វើពាណិជ្ជកម្មសំខាន់និង ជាផ្លូវជិតជាងគេរវាងពីរាជធានីភ្នំពេញទៅចំណុចព្រំដែនវៀតណាមនោះ គឺនៅឆ្នាំ២០១២ រាជរដ្ឋាភិបាលបានស្នើកូរ៉េខាងត្បូងដើម្បីសិក្សាលទ្ធភាពសាងសង់ លើកកម្រិតគុណភាពផ្លូវ នេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ទៅជាប្រភេទផ្លូវក្រាលបេតុងផ្លូវកៅស៊ូ AC និងការពង្រីកផ្លូវនៅតាមចំណុចមួយចំនួនថែមទៀត។
ការកសាងសាឡើងវិញផ្លូវជាតិលេខ២១ជាមួយនឹងហិរញ្ញប្ប ទានកូរ៉េខាងត្បូងជិត៦១លាន ដុល្លារ បានចាប់ផ្តើមធ្វើក្នុងខែមេសាឆ្នាំ២០១៥ និងបានបញ្ចប់នៅក្នុងខែតុលាឆ្នាំ២០១៧។ កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមដៃគូអភិវឌ្ឍន៍ នានារបស់កម្ពុជា។ កូរ៉េខាងត្បូង គ្រោងនឹងជួយកសាងស្ពានមួយទៀតដែលស្ពានឆ្លងកាត់ ទន្លេមេគង្គតភ្ជាប់ពីចំណុចផ្សាររាត្រី ក្នុងរាជធានីរហូតដល់តំបន់អរិយក្សត្រ។