ប្រព័ន្ធផ្សព្វផ្សាយ៖ អឺរ៉ុបយល់ព្រមចែករំលែកព័ត៌មានពីផ្កាយរណបចារកម្មជាមួយអ៊ុយក្រែន
ព្រុចសែល៖ សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃពុធ ដោយដកស្រង់ប្រភពអនាមិកថា សហភាពអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែន ដោយពួកគេនឹងអាចផ្តល់ព័ត៌មានដែលបានចាត់ថ្នាក់ដល់ទីក្រុងកៀវ។ អឺរ៉ុបបាននិយាយថា រូបភាពពីផ្កាយរណប គឺជាឧទាហរណ៍មួយនៃអ្វីដែលនឹងត្រូវបានចែករំលែក។
បើតាមរបាយការណ៍ កិច្ចព្រមព្រៀងនេះនឹងមានរយៈពេលមួយឆ្នាំ ហើយអាចត្រូវបានបន្តទៀតទៅតាមភាពចាំបាច់ជាក់ស្តែង។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបត្រូវបានគេជូនដំណឹងអំពីកិច្ចព្រមព្រៀងខាងលើ ក្នុងអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
យ៉ាងណាមិញ វានៅពុំទាន់ច្បាស់ទេថាតើកិច្ចព្រមព្រៀងនេះនឹងគ្របដណ្តប់តែការស៊ើបការណ៍សម្ងាត់របស់សមាជិកសហភាពអឺរ៉ុប ឬអនុញ្ញាតឱ្យពួកគេបញ្ជូនព័ត៌មានដែលទទួលបានពីភាគីទីបី ដូចជាសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបកំពុងគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានប្រឆាំងនឹងទីក្រុងម៉ូស្គូ ប៉ុន្តែបានបដិសេធមិនប្រើប្រាស់កម្លាំងយោធាដើម្បីការពារអ៊ុយក្រែននោះឡើយ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា