រុស្ស៊ី​ចាត់​វិធាន​ការ​បណ្ដេញ​មន្ត្រី​ការទូត​អាមេរិក​ចេញ​ក្នុង​ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​ទៅវិញ​ទៅមក​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​ បាន​និយាយ​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ ពុធ បាន​ទទួល​បញ្ជី​ឈ្មោះ​អ្នក​ការទូត​របស់​ខ្លួន ដែល​ត្រូវ​បាន​ប្រកាស​ថា ​ជា​ជន​មិន​​ត្រូវ​បាន​ស្វាគមន៍​ (persona non grata)​ នៅ​ក្នុង​អ្វី ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រុស្ស៊ី បាន​និយាយ​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក ដែល​បណ្ដេញ​បុគ្គលិក​ការទូត​រុស្ស៊ី​នៅ​អង្គការ​សហ​ប្រជាជាតិ​។

ក្រុង​វ៉ាស៊ីនតោន​កាល​ពី​ខែមុន​ បាន​និយាយ​ថា​ ខ្លួន​កំពុង​បណ្ដេញ​អ្នក​ការ​ទូត​រុស្ស៊ី​ ១២ នាក់ នៅ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​ ជុំវិញ​បញ្ហា​សន្តិសុខ​ជាតិ​ ហើយ​ក្រោយ​មក​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បណ្ដេញ​ជន​ជាតិ​រុស្ស៊ី​បន្ថែម​​​នៅ​អង្គការ​សហ​ប្រជាជាតិ ដែល​ខ្លួន​បាន​និយាយ​ថា ជា​ភ្នាក់ងារ​ចារកម្ម​។

ទីភ្នាក់ងារ​ព័ត៌មាន​ Interfax បាន​និយាយ​ថា​ ប្រទេស​រុស្សី ដែល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​ ​បាន​ប្រាប់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ ពុធ ថា ខ្លួន​នឹង​បណ្ដេញ​អ្នក​ការទូត​អាមេរិក​មួយ​ចំនួន ដើម្បី​​ឆ្លើយ​​តប​​នឹង​ការ​បណ្ដេញ​ចេញ​បុគ្គលិក​រុស្ស៊ី​នៅ​អង្គការ​សហប្រជាជាតិ​​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​មួយ​រូប​ បាន​និយាយ​ថា៖​​ «យើង​អាច​បញ្ជាក់​បាន​ថា ស្ថានទូត​អាមេរិក បាន​ទទួល​បញ្ជី​អ្នក​ការទូត ដែល​បាន​ប្រកាស​ថា​ ជា​ជន​មិន​​ត្រូវ​បាន​ស្វាគមន៍​ពី​ក្រសួង​ការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ទី​ ​២៣​ខែមី​នា»​។

អ្នកនាំពាក្យ​នេះ​ បាន​និយាយ​ថា៖​ «​នេះ​គឺ​ជា​ជំហាន ដែល​មិន​មាន​ប្រយោជន៍ និង​គ្មាន​ផលិតភាព​ចុងក្រោយ​បង្អស់​​របស់​រុស្ស៊ី​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​។ ឥឡូវនេះ វា​កាន់​តែ​មាន​សារៈសំខាន់​ ​ដែល​ប្រទេស​របស់​យើង​មាន​បុគ្គលិក​ការទូត​ចាំ​បាច់​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​របស់​យើង​»។​

ទាំង​អ្នកនាំ​ពាក្យ និង​ទីភ្នាក់ងារ​ព័ត៌មាន​ Interfax មិន​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស ដែល​រង​ផល​ប៉ះពាល់ ​ឬ ពេលណា ដែល​ពួកគេ​នឹង​ត្រូវ​ចាក​ចេញ​នោះ​ទេ។​

ប្រភព៖​ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner