ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្ដាល កញ្ចប់ការងារទី៤
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាសាងសង់ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) កញ្ចប់ការងារទី៤ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង លោក Le Huu Viet Duc តំណាងក្រុមហ៊ុនសាងសង់ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) មន្ត្រីជំនាញបច្ចេសទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលមានទំហំទឹកប្រាក់សរុប ៣៦,៩១០លានយ៉េន ឬប្រមាណ៣១៣លានដុល្លាអាមេរិក សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល ដែលផ្តើមសាងសង់ចាប់ពីធ្លាម្អម ទៅដល់បាត់ដំបងប្រវែង១១០,៩០គីឡូម៉ែត្រ និងបូកបញ្ចូលផ្នែកចុងក្រោយ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤គីឡូម៉ែត្រ សរុបមានប្រវែង១៤៦,០៤ គីឡូម៉ែត្រ។
ថ្លែងនាឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រ ក៏ដូចជាចូលរួមចំណែកក្នុងការស្ដារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅកម្ពុជា និងបានគូសបញ្ជាក់ពីសារសំខាន់ផ្លូវជាតិលេខ៥ តភ្ជាប់ប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ១ បង្កើតបានជាផ្លូវអាស៊ានហាយវេ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ជាពិសេសស្របពេលដែលកំណើនចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការសាងសង់រួចរាល់ជាស្ថាពរ១០០% នៃកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ ដោយឡែក ទាក់ទងនឹងកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅធ្លាម្អម (ពោធិ៍សាត់) ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រោងនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង ធានាដល់ការប្រើប្រាស់បានយូរអង្វែង និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមការដ្ឋានឱ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដាក់ផ្លាកសញ្ញាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវពេលយប់ជាដើម។
ជាមួយគ្នានោះផងដែរ លោក Le Huu Viet Duc បានសម្តែងនូវជំនឿយ៉ាងមុតមាំថា៖ ពិធីចុះហត្ថលេខានេះ គឺជាលក្ខខណ្ឌចាំបាច់ ដែលអាចឱ្យក្រុមហ៊ុនយល់ដឹងកាន់តែច្បាស់ ក្នុងការចូលរួមក្នុងសកម្មភាពសាងសង់ជាច្រើន ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសជាងនេះទៅទៀត គម្រោងនេះធ្វើឱ្យចំណងទាក់ទងរវាងប្រទេសជិតខាងទាំងពីរកម្ពុជា-វៀតណាម កាន់តែមានភាពជិតស្និទ្ធថែមទៀត។
គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល នឹងធ្វើការពង្រីកលើផ្លូវចាស់ពី ២គន្លង ទៅ ៤គន្លង ស្ថាបនាផ្លូវវាងក្រុងពោធិ៍សាត់ មានប្រវែង ១១,៦៩គីឡូម៉ែត្រ ដែលមាន៤គន្លង គម្រោងស្ថាបនាផ្លូវមានទទឹងផ្លូវប្រវែង ២៣ម៉ែត្រ ក្រាលកៅស៊ូ AC (Asphalt Concrete) កម្រាស់១៥សង់ទីម៉ែត្រ និងមានសួនច្បារនៅចំកណ្តាល ធ្វើការពង្រីកស្ពានចាស់ចំនួន ២៧កន្លែង សាងសង់ស្ពានថ្មីចំនួន០៨កន្លែង ស្ថាបនាលូរំដោះទឹកភ្លៀង (លូមូលចំនួន ៩០កន្លែង និងលូប្រអប់ចំនួន៧៨កន្លែង) និងស្ថាបនាស្ថានីយជញ្ជីងថ្លឹងទម្ងន់រថយន្តចំនួន ៦ស្ថានីយ៕
ដោយៈវណ្ណលុក