ឯកឧត្តម វ៉ាត់ ចំរើន៖ «កីឡាមានអត្ថប្រយោជន៍ សម្រាប់គុណតម្លៃ និងគុណភាពជីវិត»
CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា៖ «កីឡាមានអត្ថប្រយោជន៍ សម្រាប់គុណតម្លៃ និងធ្វើឲ្យមានគុណភាពជីវិតកាន់តែរឹងមាំ»។
នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបើកការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជា លើកទី៤ នាល្ងាចថ្ងៃទី២៥ ខែមីនានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងឱកាសអញ្ជើញផ្តល់ការលើកទឹកចិត្តជូនក្រុមកីឡាករ កីឡាការិនីពិការ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការហ្វឹកហាត់កីឡានេះ ធ្វើឲ្យបងប្អូនពិការទាំងអស់ ក្លាយទៅជាមនុស្សរឹងមាំ បើទោះបីជាខ្លួនមានពិការភាព នៅក្នុងផ្នែកណាមួយនៃរាងកាយក៏ដោយ ប៉ុន្តែកីឡាជួយឲ្យខ្លួនយើងរឹងមាំ ទាំងកម្លាំងកាយ និងប្រាជ្ញាស្មារតី។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ការហ្វឹកហាត់កីឡា គឺដើម្បីសម្រួចគោលដៅឆ្ពោះទៅដណ្តើមមេដាយ ប៉ុន្តែមេដាយមិនមែនជារឿងសំខាន់បំផុតនោះទេ។ អ្វីដែលសំខាន់បំផុតនៃការលេងកីឡា គឺដើម្បីការកសាងគុណតម្លៃនៃជីវិតរបស់បងប្អូនដែលមានពិការភាពទាំងអស់គ្នា។
«រីឯថ្នាក់ដឹកនាំ ដែលនៅជុំវិញបងប្អូនទាំងអស់គ្នា គឺជាអ្នកផ្តល់ការគាំទ្រ និងជាអ្នកបម្រើឲ្យបងប្អូនទាំងអស់គ្នា ដើម្បីឆ្ពោះទៅស្វែងរកគោលដៅនៃការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។ នេះជាការសង្កត់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។
ប្រតិបត្តិករកីឡារូបនេះ ក៏បានបន្ថែមទៀតថា ដូចដែលឯកឧត្តម យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានលើកឡើងមុននេះ បងប្អូនត្រូវតែមានមោទកភាពជាតិទាំងអស់គ្នា ដូច្នេះបងប្អូនត្រូវមានភាពក្លាហាន ខិតខំហ្វឹកហាត់ បណ្តុះឆន្ទៈដ៏មោះមុតឆ្ពោះទៅធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា។ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់គ្នា គ្មានអ្វីក្រៅពីការលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីពិការទេ ដើម្បីសម្រួចគោលដៅរួមគ្នាឲ្យកាន់តែមុតស្រួច។ អ្វីដែលសំខាន់ គឺត្រូវធ្វើឲ្យខ្លួនឯងក្លាយទៅជាម្ចាស់ជើងឯក។ ដើម្បីធ្វើឲ្យខ្លួនឯងក្លាយជាជើងឯក គឺគ្មានអ្វីក្រៅពីការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដែលនេះ គឺជាមធ្យោបាយតែមួយគត់ ក្នុងការរុញឲ្យទៅដល់ជើងឯក។
«ការហ្វឹកហាត់កីឡានេះ មិនមែនត្រឹមតែមានកម្លាំងល្អ បច្ចេកទេសល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ទទួលបានការហ្វឹកហាត់ផ្នែកស្មារតី និងទទួលបានផលប្រយោជន៍នូវស្មារតីមកជាមួយគ្នាដែរ។ ដូច្នេះ ស្មារតីរឹងមាំ ស្មារតីមុតស្រួច គឺយើងអាចឈ្នះនូវគុណតម្លៃនៃជីវិតរបស់យើង។ ខ្ញុំសូមលើកទឹកចិត្តដល់អត្តពលិកពិការទាំងអស់ បន្តឆន្ទៈ បន្តការហ្វឹកហាត់បន្ថែមទៀត ដើម្បីដើរលើមាគ៌ាឆ្ពោះទៅរកគោលដៅប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់»។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន។
ជាមួយនិងការបញ្ជ្រាបចំណេះដឹងដ៏ស៊ីជម្រៅបន្ថែមទៀតនោះ ឯកឧត្តមអគ្គលេខាធិការរូបនេះ ក៏បានស្នើឲ្យអ្នកហ្វឹកហាត់កីឡាជាជនពិការទាំងអស់ គប្បីសួរខ្លួនឯងរាល់ថ្ងៃ ដោយភាពវិជ្ជមាននៃក្តីសង្ឃឹម កុំសួរខ្លួនឯងដោយក្តីអស់សង្ឃឹម។ «ឧបសគ្គ មិនមែនជាភាពទាល់ច្រកនោះទេ ប៉ុន្តែឧបសគ្គ គ្រាន់តែជាមេរៀន សម្រាប់ការដោះស្រាយ បើមានឧបសគ្គ យើងត្រូវឆ្លងកាត់វាឲ្យបាន។ ឧបសគ្គគ្រាន់តែជាមេរៀនជីវិតប៉ុណ្ណោះ ហើយមិនត្រូវចាត់ទុកវាជាចុងបញ្ចប់នៃជីវិត ឬដំណើរជីវិតរបស់យើងគ្រប់ៗគ្រា»៕ ចាន់ វិចិត្រ