រថយន្តស៊េរីទំនើបមួយគ្រឿងបុករះរថយន្តពីរគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកCHEVROLET ជ្រុលទៅបុករះរថយន្តពីរគ្រឿងទៀតដែលចតស្ងៀមនៅមុខផ្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតស្តុបច្រកចូលផ្សារព្រៃទា ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបម៉ាកCHEVROLETពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AB-9735ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំបុករះរថយន្ដពីរគ្រឿងទៀតរបស់ជនជាតិចិនដូចគ្នាដែលចតស្ងៀមនៅមុខផ្ទះមួយគ្រឿងម៉ាកស្តារិច ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2M-1650និងមួយគ្រឿងទៀតម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2O-5603បណ្តាលរថយន្តទាំងពីរគ្រឿងរងការខូចខាតចំហៀងខាងក្រោយយ៉ាងដំណំដូចគ្នា។ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុ ភាគីរថយន្តបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ មិនរំខានសមត្ថកិច្ចមូលដ្ឋានឡេីយ ៕ ដោយ ៖ ជីម ភារ៉ា