ឯកឧត្ដម សោម ស៊ុន ប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ប្រគល់ផ្ទាំងប៉ាណូ ស្លាកសញ្ញាគណបក្សប្រជាជនចំនួន ១៦ផ្ទាំងជូនគណបក្សឃុំ
ខេត្តកំពង់ធំ ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង ប្រធានក្រុមការងាររបស់បក្ស ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះប្រគល់ផ្ទាំងប៉ាណូ ផ្លាកគណបក្សប្រជាជន ១៦ស្លាកជូនគណបក្សឃុំ សាខាបក្សភូមិ នៅទីស្នាក់ការបក្ស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២២ ។
ឯកឧត្ដមសោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តន៍តាមផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខនេះ ក្រុមការងាររបស់គណបក្សប្រជាជន ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ឯកភាពគ្នា លះបង់ថវិកាផ្ទាល់ខ្លួនជិត ១៥០០$ ក្នុងការផលិតប៉ាណូ ស្លាកសញ្ញាគណបក្សប្រជាជនចំនួន ១៦ផ្ទាំង សម្រាប់ដាក់នៅទីស្នាក់ការគណបក្សឃុំ និងសាខាបក្សភូមិទាំង១៥ ។
លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង បានថ្លែងអំណរគុណឯកឧត្តម សោម ស៊ុន និងក្រុមការងារចុះជួយមូលដ្ឋានឃុំ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការជួយដោះស្រាយរាល់ការលំបាក ខ្វះ ខាតរបស់គណបក្សឃុំ និងសាខាបក្សភូមិ ពិសេសបានខិតខំលះបង់ថវិកាផ្ទាល់ខ្លួន និងគៀងគរសប្បុរសជននានាក្នុងការដឹកនាំសាងសង់ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ខណៈកំពុងតែសាងសង់ ដែលមានទំហំ ១២ម៉ែត្រ x ៨ម៉ែត្រ នៅពេលនេះ ។
ថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ និងក្រុមការងារចុះជួយមូលដ្ឋានឃុំ ប្តេជ្ញាចិត្តរួមគ្នាបម្រើបក្ស និង បម្រើប្រជាជនដោយឥតលក្ខ័ន្ឋ ដើម្បីដណ្ដើមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំបន្ទាយស្ទោង នៅពេលខាងមុខនេះឲ្យបានដាច់ខាត ៕
ដោយ ប៊ុន រដ្ឋា