ប្រេសិត​សហភាព​អឺរ៉ុប​ធ្វើ​ទស្សនកិច្ច​នៅ​តេអេរ៉ង់​ ចំ​ពេល​មាន​ក្តី​សង្ឃឹម​ពី​ការ​ស្ដារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ​ 

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​​អ៊ីរ៉ង់​​រាយការណ៍​ថា​ ប្រេសិត​សហភាព​អឺរ៉ុប​ជាន់​ខ្ពស់​លោក​ Enrique Mora ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​តេហេរ៉ង់​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ​ ចំ​ពេល​មាន​ក្ដី​សង្ឃឹម​​​ពី​ការ​ស្ដារ​ឡើង​វិញ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ដែល​​ហែក​ហួរ​ទំនាក់​ទំនង​អ៊ីរ៉ង់​ និង​មហា​អំណាច​ពិភព​លោក​។​ ​

ការ​រាយការណ៍​ស្ដី​ពី​កិច្ច​ចរចា​នេះ​ មិន​បាន​ផ្ដល់​ព័ត៌មាន​ច្រើន​នោះ​ទេ​ ដោយ​​គ្រាន់​តែ​និយាយ​ថា​ អ្នក​ការ​ទូត​បាន​ពិភាក្សា​​អំពី​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​ ដោយ​អ្នក​ចរចា​នុយក្លេអ៊ែរ​កំពូល​របស់​អ៊ីរ៉ង់​លោក​ Ali Bagheri Kani ​​និយាយ​ម្ដង​ទៀត​ថា​ អ៊ីរ៉ង់​ជឿ​ថា​ កិច្ច​ព្រមព្រៀង​មួយ​អាច​សម្រេច​បាន​ ប្រសិន​បើ​អាមេរិក​«​ប្រាកដ​ប្រជា​»​ធ្វើ​តាម​ការ​ទាមទារ​របស់​ខ្លួន​​។ ​ហើយពី​​បន្ទាប់​ជំនួប​ ​​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​លោក​ Hossein Amirabdollahian ​ក៏​បាន​ស្ដី​បន្ទោស​សហរដ្ឋ​អាមេរិក​ផង​ដែរ​ ចំពោះ​ការ​ពន្យារ​​ពេល​ក្នុង​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងមួ​យ​។​

កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​ជាប់​គាំង​ ក្រោយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់​ ត្រាំ​​ ដក​សមាជិកភាព​របស់​អាមេរិក​ចេញ​ក្នុង​ឆ្នាំ​ ២០១៨ ​ហើយ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើង​វិញ​ ដែល​ជា​ហេតុ​មួយ​ឱ្យ​ប្រទេស​នេះ​រំលោភ​លើ​​កិច្ច​ព្រមព្រៀង​​​ជា​​បណ្ដើរ​ៗ​ដោយ​​ពង្រីក​​ការងារ​​នុយក្លេអ៊ែរ​​ដ៏​​ធំ​​របស់​​ខ្លួន​។​

ការ​ចរចា​នុយក្លេអ៊ែរ​ត្រូវ​បាន​ផ្អាក​កាល​ពី​ដើម​ខែ​ ក្នុង​កិច្ច​ប្រជុំ​ចុងក្រោយ​ទីក្រុង​វីយែន​ ដែល​​រួម​ផ្សំ​នឹង​​ការ​លុក​លុយ​របស់​រុស្ស៊ី​លើអ៊ុ​យក្រែន​ និង​ទណ្ឌកម្ម​ហិរញ្ញ​វត្ថុ​ដែល​​លោក​ខាង​លិច​ដាក់​លើ​ទីក្រុង​ម៉ូស្គូ​។​ ប៉ុន្តែ​​​​​​ហាក់​​​មាន​សញ្ញា​វិជ្ជមាន​ឡើយ​វិញ​ ពេល​​រុស្ស៊ី​​​ហាក់​​​បន្ថយ​សំឡេង​​​ទាមទារ​​​​ចម្រូង​ចម្រាស​របស់​ខ្លួន​ ដែល​​​ថា​​ពាណិជ្ជកម្ម​​រុស្ស៊ី-​អ៊ីរ៉ង់​​ ​ត្រូវ​តែ​​លើក​លែង​​​ពី​​ទណ្ឌកម្ម​​របស់​​លោក​ខាង​លិច​។​

នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​អ្នក​ការ​ទូត​កំពូល​របស់​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សៅរ៍​​ បង្ហាញ​ជា​សាធារណៈ​នូវ​ភាព​បត់​បែន​ជុំ​វិញ​ការ​ទាមទារ​របស់​ទីក្រុង​តេហេរ៉ង់​ដែល​សុំ​ឱ្យ​ ទីក្រុង​វ៉ាស៊ីនតោន​ដក​ឆ្មាំ​បដិវត្តន៍​អ៊ិស្លាម​អ៊ីរ៉ង់​(IRGC) ​ដែល​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​ ចេញ​ពី​បញ្ជី​នៃ​អង្គការ​ភេរវករ​បរទេស​។​

ការ​រំពឹង​ទុក​នៃ​ការ​លុប​ចោល​នូវ​ការ​កំណត់​នេះ​​ ធ្វើ​ឱ្យ​សម្ព័ន្ធ​មិត្ត​មជ្ឈិម​បូព៌ា​របស់​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ ជា​ពិសេស​អ៊ីស្រាអែល​ ដែល​​ប្រកែក​ថា​ ការ​បន្ធូ​របន្ថយ​ទណ្ឌកម្ម​លើ​(IRGC) ​នឹង​ជំរុញ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដូច​ជាក្រុម​ហេប៊ូឡា​របស់​លីបង់​ និង​ក្រុម​ហ៊ូធី​របស់​យេម៉ែន​ជាដើម​។​ ​

ប្រភព៖ EU envoy in Tehran amid hopes to restore nuclear agreement

https://apnews.com/article/russia-ukraine-middle-east-iran-donald-trump-europe-0f9c31ad937d985edc40792d2ddea451

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner