ពាក្យ​សំដី​ដ៏​កាច​របស់​លោក​បៃដិន​អំពី​លោក​ពូទីន ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង

វា​គឺ​ជា​ប្រយោគ​ចុង​ក្រោយ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ចុង​ក្រោយ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​មុន​នឹង​លោក​ឡើង​យន្តហោះ​ដើម្បី​ធ្វើ​ដំណើរ​ចេញ​ពី​ទ្វីប​អឺរ៉ុប​ត្រឡប់​ទៅ​អាមេរិក​វិញ​ ជា​ការ​តិះដៀល​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លាឌីមៀរ ពូទីន​ជុំវិញ​ភាព​ឃោរឃៅ​នៃ​ការ​លុកលុយ​ប្រទេស​អ៊ុយក្រែន​។

នៅ​ចុង​សប្ដាហ៍​ប្រធានាធិបតី​អាមេរិក​រូប​នេះ​និយាយ​ថា​៖ «សម្រាប់​ប្រយោជន៍​របស់​ព្រះ​ បុរស​នេះ​មិន​អាច​បន្ត​កាន់​អំណាច​ទេ​»​។

ពាក្យ​សំដី​នេះ​ គឺ​នៅ​ចុង​សុន្ទរកថា​ដ៏​កាច​មួយ​ នៅ​ក្រុង​វ៉ាសូវី នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​ រៀប​ចំ​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ និង​បែលហ្ស៊ិក​ ក្នុង​បំណង​រក្សា​ឱ្យ​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ឱ្យ​រួបរួម​គ្នា​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​។

ប៉ុន្តែ​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អាន់តូនី ប្លីនខែន​ ដែល​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អ៊ីស្រាអែល​ បាន​ព្យាយាម​ទប់ទល់​ផល​ប៉ះពាល់​នៃ​ការ​លើក​ឡើង​របស់​លោក​បៃដិន​រួច​ទៅ​ហើយ​។

លោក​ប្លីនខែន បាន​បដិសេធ​ថា​អាមេរិក​មិន​កំពុង​ជំរុញ​ជា​ផ្លូវ​ការ​ដើម្បី​ទម្លាក់​លោក​ពូទីន​ពី​អំណាច​ទេ​។ អ្នក​វិភាគ​ជា​ច្រើន​និយាយ​ថា​ប្រសិន​បើ​មិន​មាន​ធ្វើ​ការ​បដិសេធ​បែប​នេះ​ទេ​ វិមាន​ក្រឹមឡាំង​អាច​កាន់​តែ​មាន​កំហឹង​ ហើយ​ប្រធានាធិបតី​រុស្ស៊ី​ អាច​ថយ​ក្រោយ​វិញ​ពី​ការ​ចរចា​សន្ដិភាព ឬ​មិន​កាត់​បន្ថយ​គោល​ដៅ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។

លោក​ប្លីនខែន​ និយាយ​ថា​៖ «ដូច​ដែល​អ្នក​បាន​ដឹង ហើយ​ដូច​ដែល​អ្នក​បាន​ឮ​យើង​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត យើង​មិន​មាន​យុទ្ធសាស្ត្រ​នៃ​ការ​ផ្លាស់​ប្ដូរ​របប​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ឬ​កន្លែង​ផ្សេង​ទៀត​ទេ​»​។

ភ្លាមៗ​បន្ទាប់​ពី​លោក​បៃដិន​លើកឡើង​បែប​នេះ​ សេតវិមាន​បាន​ព្យាយាម​ធ្វើ​ការ​បំភ្លឺ​រួច​ទៅ​ហើយ​។ អ្នក​នាំ​ពាក្យ​សេតវិមាន​មួយ​រូប និយាយ​ថា​លោក​បៃដិន​មិន​មាន​បំណង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​របប​នៅ​រុស្ស៊ី​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​សង្កត់​ធ្ងន់​ថា​លោក​ពូទីន​មិន​បាន​ «អនុញ្ញាត​ឱ្យ​ប្រើប្រាស់​អំណាច​លើ​ប្រទេស​ជិត​ខាង​ទេ​។

ការ​លើកឡើង​របស់​លោក​បៃដិន​បែប​នេះ​គឺ​ហាក់​ដូចជា​ផ្នែក​មួយ​នៃ​ការ​ប្រើប្រាស់​ពាក្យ​សំដី​កាន់​កាច​របស់​លោក​បៃដិន​ចំពោះ​លោក​ពូទី៏ន ដោយ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​លោក​បៃដិន​បាន​និយាយ​ថា​លោក​ពូទីន​ជា​ «អ្នក​កាប់​សាច់» ក្នុង​អំឡុង​ពេល​នៃ​ការ​ជួប​សំណេះ​សំណាល​ជា​មួយ​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​ ហើយ​នៅ​ខែ​នេះ​លោក​និយាយ​ថា​លោក​ពូទីន​គឺ​ជា «ឧក្រិដ្ឋជន​សង្គ្រាម​»​។

ការ​ផ្លាស់​ប្ដូរ​ភាសា​បែប​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់ និង​បង្កើត​ការ​យល់​ឃើញ​អំពី​ការ​ផ្លាស់​ប្ដូរ​ដោយ​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​នៅ​ក្នុង​រយៈ​ពេល​ខ្លី និង​អូស​បន្លាយ​ភាព​តានតឹង​ខណៈ​ពេល​ដែល​លោក​ពូទីន​បន្ត​កាន់​អំណាច​នៅ​វិមាន​ក្រឹមឡាំង​។ ភាព​មិន​សូវ​ស្រួល​ និង​តានតឹង​បាន​លេច​ឡើង​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​។ ប្រធានាធិបតី​បារាំង​លោក​អេម៉ានូអែល ម៉ាក្រុង​បាន​និយាយ​ថា​មិន​គួរ​មាន «ការ​បង្កើន​ភាព​តានតឹង​នៃ​ពាក្យ​សំដី ឬ​សកម្មភាព​ទេ​» ហើយ​មន្ត្រី​អង់គ្លេស​មួយ​ចំនួន​បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ការ​រក្សា «ច្រក​ចេញ» សម្រាប់​លោក​ពូទីន​បញ្ចប់​សង្គ្រាម​នេះ​»​។

មិន​ថា​វា​បាន​គ្រោង​ទុក ឬ​ទេ​ ការ​លើក​ឡើង​របស់​លោក​បៃដិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ក្រុង​វ៉ាស៊ីនតោន​គឺ​កំពុង​បាត់បង់​ការ​គ្រប់គ្រង​សារ​របស់​ខ្លួន​អំពី​សង្គ្រាម​នេះ​។ អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ការ​លើក​ឡើង​របស់​លោក​បៃដិន និង​ការ​បំភ្លឺ​ក្រោយ​មក​ដោយ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ នឹង​ធ្វើ​ឱ្យ​លោក​ពូទីន​មាន​ហេតុផល​ប្រើ​វា​ជា​ការ​បញ្ជាក់​ថា​សហរដ្ឋអាមេរិក​ពិត​ជា​មាន​គោលបំណង​ប្រឆាំង​លោក​ និង​រុស្ស៊ី​ពិត​មែន​។ ពួកគេ​និយាយ​ថា​លោក​ពូទីន​អាច​ប្រើប្រាស់​ការ​លើកឡើង​នេះ​ជា​លេស​អូស​បន្លាយ​សង្គ្រាម​នៅ​អ៊ុយក្រែន​ ឬ​ប្រើប្រាស់​យុទ្ធសាស្ត្រ​កាច​សាហាវ​ជាង​មុន​។

យ៉ាង​ណា​មិញ​គោលដៅ​ចម្បង​របស់​លោក​បៃដិន​ ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​អឺរ៉ុប​គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង និង​សម្រប​សម្រួល​យុទ្ធសាស្ត្រ​ជាមួយ​សម្ព័ន្ធមិត្ត​ណាតូ មុន​ពេល​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​លោក ពូទីន បង្កើន​សង្គ្រាម រួម​ទាំង​តាមរយៈ​ការ​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​។ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ចំណត​ចុង​ក្រោយ​ក្នុង​ទីក្រុង​វ៉ាសូវី មន្ត្រី​រដ្ឋបាល​ខ្ពស់​ៗ​របស់​លោក​បៃដិន ជឿជាក់​ថា ប្រធានាធិបតី​បាន​សម្រេច​នូវ​អ្វី​ដែល​លោក​គ្រោង​ធ្វើ​ក្នុង​ដំណើរ​ទៅ​កាន់​អឺរ៉ុប​ មុន​នឹង​លោក​ធ្វើ​ការ​លើក​ឡើង​បែប​នេះ​។

ប្រធានាធិបតី​អាយុ​ ៧៩ ឆ្នាំ​នេះ​គឺ​ហាក់​ដូចជា​កាន់​តែ​ក្លាហាន​ជាង​មុន​ក្នុង​ប្រើប្រាស់​ពាក្យ​សំដី​ ដោយសារ​ការ​ប្រែប្រួល​ស្ថានភាព​នៃ​សមរភូមិ​នៅ​អ៊ុយក្រែន​ ខណៈ​ពេល​ដែល​កង​ទ័ព​រុស្ស៊ី​ប្រកាស​ដក​ថយ​មក​ផ្ដោត​លើ​ការ​កាន់កាប់​តំបន់​ដុនបាស​វិញ​។

បើ​ទោះ​បី​ជា​មាន​ការ​ជឿជាក់​បែប​នេះ​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា​អំពី​ដំណើរ​នៃ​សង្គ្រាម ​គោលបំណង​របស់​លោក​ពូទីន​ និង​សមត្ថភាព​របស់​ប្រទេស​អឺរ៉ុប​ក្នុង​ការ​ទ្រទ្រង់​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​។ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ សហរដ្ឋអាមេរិក​បាន​និយាយ​ថា ខ្លួន​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទី​បី​ ដែល​ជួយ​សម្រួល​ដល់​ការ​ឈ្លានពាន​របស់​រុស្ស៊ី ដែល​អាច​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ដល់​បុគ្គល​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​ដូចជា​ចិន និង​ឥណ្ឌា ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា​តើ​អឺរ៉ុប​នឹង​ទៅ​ជាមួយ​ដែរ ឬ​ទេ​៕

Source: https://www.ft.com/content/3d9dc3a9-752c-4456-8c23-cf33f483f6ae

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner