មេដឹកនាំតួកគី និងរុស្ស៊ីព្រមព្រៀងរៀបចំកិច្ចប្រជុំបន្ទាប់ រវាងទីក្រុងម៉ូស្គូ-ទីក្រុងកៀវក្នុងប្រទេសតួកគីនៅចុងខែនេះ
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យម្សិល មិញបានព្រមព្រៀងរៀបចំកិច្ចចរចាជុំថ្មី រវាងទីក្រុងម៉ូស្គូ និង ទីក្រុងកៀវ នៅក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី នៅថ្ងៃទី២៨ ដល់ទី៣០ ខែមីនា ឆ្នាំ២០២២។
ការិយាល័យប្រធានាធិបតីតួកគីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានសន្ទនាតាមទូរស័ព្ទ នៅថ្ងៃអាទិត្យ និងបានពិភាក្សាអំពីស្ថានភាពវិវត្តន៍ចុងក្រោយ បង្អស់នៅក្នុងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងដំណើរការចរចា រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងកិច្ចសន្ទនានោះ លោក អឺដូហ្គាន់ បានប្រាប់លោក ពូទីន ថា បទឈប់បាញ់ និង សន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែនត្រូវតែសម្រេចឱ្យបានឆាប់ តាម ដែលអាចធ្វើបាន ហើយស្ថានភាពមនុស្សធម៌នៅ ក្នុងតំបន់គួរ តែត្រូវបានកែលម្អ ដោយបន្ថែមថា តួកគីនឹងបន្តចូលរួម ចំណែក ក្នុងគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ក្នុងអំឡុង ពេលដំណើរការនេះ។
នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ លោក David Arakhamia សមាជិកនៃគណៈប្រតិភូអ៊ុយក្រែននិយាយថា ជុំបន្ទាប់ នៃកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន-រុស្ស៊ីនឹងធ្វើឡើងនៅ សប្តាហ៍ក្រោយនៅប្រទេសតួកគី ពោលគឺនៅថ្ងៃទី២៨ ដល់ទី៣០ ខែមីនានេះ។ ទន្ទឹមគ្នា ប្រធានក្រុមចរចារ របស់រុស្ស៊ីលោក Vladimir Medinsky ក៏បានអះអាងដែរថា កិច្ចពិភាក្សាទល់មុខគ្នានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ និង៣០ ខែមីនានេះ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា