គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន នៅ សង្កាត់វាលវង់ខណ្ឌ៧មករានិងបដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅឃុំកណ្ដៀង ស្រុកកណ្ដៀង
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេច បដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់និង លុបបញ្ជី បេក្ខជន ឈរឈ្មោះបោះឆ្នោត នៃគណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងលុបឈ្មោះ គង់ ឡេង ភេទស្រី កើតថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៦៧ ឈរលេខរៀង ទី១៣ ចេញពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅ សង្កាត់វាលវង់ ខណ្ឌ ៧ មករា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ នេះបើតាម សេចក្តី ប្រកាស ព័ត៌មាន របស់គ.ជ.ប នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នេះ។
ការសម្រេចនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនានេះ បន្ទាប់ពី ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៧រូប ដឹកនាំ ដោយឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធាន ក្រុម ប្រឹក្សា ជំនុំជម្រះ និងសមាជិក គ.ជ.ប ចំនួន ៦រូប ជាសមាជិក ក្រុម ប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បី ដោះស្រាយសំណុំរឿង ចំនួន៣ គឺសំណុំរឿងលេខ ០៨៨ លេខ ១០០ និងលេខ ១០១។
ក្នុងសំណុំរឿងលេខ ០៨៨ ដើមបណ្ដឹងឈ្មោះ សំ សុគង់ មេធាវី តំណាងដោយអាណត្តិ បានប្ដឹងតវ៉ាទៅនឹងសេចក្ដីសម្រេច របស់ គណៈ កម្មការរៀបចំ ការបោះឆ្នោតខេត្តពោធិ៍សាត់ ដែលបាន បដិសេធ ពាក្យសុំចុះបញ្ជី បេក្ខជននៃគណបក្សភ្លើងទៀន ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
សំណុំរឿងលេខ ១០០ ដើមបណ្ដឹងឈ្មោះ យន់ ភារយុត្តិ ជាមេធាវី តំណាងដោយអាណត្តិរបស់ដើមបណ្តឹងឈ្មោះ ផែន រី បានប្ដឹង ជំទាស់ ទៅនឹងបញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំ សង្គម ប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយលើកឡើងថា បេក្ខជន ១០រូប ក្នុងបញ្ជីបេក្ខជននោះ មិនបានបំពេញឯកសារដោយផ្ទាល់ដៃទេ។
សំណុំរឿងលេខ ១០១ ដើមបណ្ដឹងឈ្មោះ ឈុន វណ្ណារី ភេទស្រី ជាប្រជាពលរដ្ឋបានប្ដឹងជំទាស់ទៅនឹងឈ្មោះបេក្ខជនលេខរៀងទី១៣ ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ថា មិនបានបំពេញឯកសារ ឈរឈ្មោះ ជាបេក្ខជនដោយផ្ទាល់ដៃទេ។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈនៅចំពោះមុខដើមបណ្ដឹង ចុងចម្លើយ និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕
ដោយ៖រ៉ាវុធ