លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅកោះរ៉ុង ទទួលស្ត្រីឈឺពោះមកសម្រាលកូននៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារសង្រ្គោះបន្ទាន់ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប ទៀតដែលកំពុងឈឺពោះជិតសម្រាល កូននភកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើដែលឈឺពោះនោះ មានឈ្មោះ ប៉ែន ណារី អាយុ ៣៣ ឆ្នាំ មុខរបរ មេផ្ទះ ដែលមានប្តីឈ្មោះ លុយ អៀង អាយុ ៣៧ ឆ្នាំ មុខរបរ សន្តិសុខនៅខេត្តព្រះសីហនុ រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ។
លោកឧកញ៉ា ទៀ វិចិត្រ បន្តទៀតថា លោកបានផ្តល់ដំណឹងឬបានផ្សព្វផ្សាយរួចមកហើយ ដល់បងប្អូនប្រជានេសាទ ឬបងប្អូនដែលកំពុងធ្វើការងារនៅតាមបណ្តាលកោះផ្សេងៗ បើមានជំងឺផ្សេងៗកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍បន្ទាន់មកក្រុមការងាររបស់លោក ដើម្បី ក្រុមការងារសង្រ្គោះបញ្ជូនអូប័រល្បឿនលឿនទៅដឹកយកមកគោក ដើម្បីព្យាបាលជូនបងប្អូនបន្ទាន់។
ជាក់ស្តែង នាពេលនេះ ក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC បានចុះទៅយកស្ត្រីដែលឈឺពោះ យកគាត់មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ បានដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុបានទាន់ពេលផងដែរ៕ ចាន់ វិចិត្រ