មនុស្ស ប្រុស ស្រី ៦នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីរថយន្តដឹកត្រីបានបុករះកន្លែងលក់កាហ្វេមួយកន្លែង ក្នុងស្ថានីយ៍ប្រេងឥន្ធនៈដំរីស នៅក្នុងស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង១០និង៤៥ ថ្ងៃទី ៥ខែមេសា ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើងដោយរថយន្តដឹកត្រីមួយគ្រឿងបានបុករះកន្លែងលក់កាហ្វេ និងម៉ូតូមួយគ្រឿង បណ្តាលឱ្យមនុស្ស ៦ នាក់បានរងរបួសធ្ងន់ និងស្រាលត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទន:ដំរីស ស្ថិតក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបានឲ្យដឹងថា ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តដឹកត្រី១គ្រឿងពណ៍ស្លែពាក់ស្លាកលេខកំពង់ឆ្នាំង.2B.96.79. អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បើករថយន្តពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1D.16.53.ដែលបើកឆ្លងផ្លូវជាតិលេខ៥ ពីកើតទៅលិចក្នុងដំណើរខ្វែងទិសគ្នា ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកស្រុករលាប្អៀរ បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះបើកបរម៉ូតូមាន ឈ្មោះ ហាវ ណារិន ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្រោយមករថយន្តបានរេចង្កូតបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក Beat ពណ៌ក្រហមពាក់ស្លាកលេខកំពង់ឆ្នាំង1L.66.55.ក្នុងដំណើរខ្វែងទិសគ្នាទៀត ហើយបានបន្តទៅបុកតូបលក់កាហ្វេខាងមុខស្ថានីយ៍ប្រេងឥន្ទន:ដំរីស បណ្ដាលឲ្យមនុស្សចំនួន ៦នាក់បាន
រងរបួសធ្ងន់ និងស្រាល ។
ក្រោយពេលកើតហេតុភ្លាមៗម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ អ្នករងរបួសធ្ងន់និងស្រាលត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទាំង ២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលស្រុករលាប្អៀរដើម្បីស្រាវជ្រាវរកម្ចាស់ចូលឲ្យខ្លួនមកធ្វើការដោះស្រាយតាមនីតិវិធី ៕
ដោយ ៖ សុខ គឹមសៀន