លោក ហ្សេលេនស្គី៖ ការចរចាសន្តិភាពនៅតែបន្ត ទោះបីជាមានអំពើប្រល័យពូជសាសន៍

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា កិច្ចចរចាសន្តិភាពនឹងបន្តជាមួយរុស្ស៊ី បើទោះបីជាមានការចោទប្រកាន់ទីក្រុងម៉ូស្គូពីបទឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍ក៏ដោយ។

លោក ហ្សេលេនស្គី កំពុងនិយាយនៅក្នុងទីក្រុងប៊ូឆា ក្បែររដ្ឋធានីកៀវ ជាកន្លែងដែលសាកសពជនស៊ីវិលត្រូវបានគេរកឃើញនៅតាមដងផ្លូវ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញ។ វីដេអូ និងរូបថតដ៏គួរឱ្យតក់ស្លុតនេះបានបង្កឱ្យមានកំហឹងជុំវិញពិភពលោក និងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី។ ដោយគ្មានភស្តុតាង រុស្ស៊ីបានអះអាងថា រូបភាពនៃអំពើឃោរឃៅនេះ ត្រូវបានរៀបចំឡើងដោយអ៊ុយក្រែន។

ដោយពាក់អាវការពារគ្រាប់កាំភ្លើង និងឡោមព័ទ្ធដោយទាហានអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា កងទ័ពរុស្ស៊ីបានប្រព្រឹត្តលើមនុស្សអាក្រក់ជាងសត្វ… នោះគឺជាអំពើប្រល័យពូជសាសន៍ពិតប្រាកដ ចំពោះអ្វីដែលអ្នកបានឃើញនៅទីនេះ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានចាប់ផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម បន្ទាប់ពីខ្លួនបាននិយាយថា សាកសពជនស៊ីវិល ៤១០នាក់ត្រូវបានគេរកឃើញនៅក្នុងតំបន់ជុំវិញទីក្រុងកៀវ។ សាកសពខ្លះត្រូវបានគេរកឃើញនៅក្នុងផ្នូរដ៏ធំ ខណៈដែលអ្នកផ្សេងទៀតត្រូវបានគេចងដៃ ហើយទំនងជាត្រូវបានគេបាញ់សម្លាប់៕ ប្រភព៖ BBC ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner