សហភាពអឺរ៉ុបនឹងបញ្ជូនអ្នកស៊ើបអង្កេតទៅស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន
ព្រុចសែល៖ សហភាពអឺរ៉ុបនឹងបញ្ជូនក្រុមស៊ើបអង្កេតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីស្រាវជ្រាវឧក្រិដ្ឋកម្មសង្រ្គាមនៅនឹងកន្លែង។ នេះបើតាមប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី អ៊ូសូឡា វ៉ុនដឺឡេអេន បញ្ជាក់នៅថ្ងៃចន្ទ បន្ទាប់ពីបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
ចំណាត់ការខាងលើនេះបានកើតមានឡើងបន្ទាប់ពីករណីស្លាប់ជនស៊ីវិលជាច្រើននាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងប៊ូឆា កាលពីចុងសប្តាហ៍មុន ខណៈទីក្រុងកៀវ បានធ្វើការចោទប្រកាន់ភ្លាមៗលើទាហានរុស្ស៊ី។
លោកស្រី វ៉ុនដឺឡេអេន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រសៀលនេះខ្ញុំបានពិភាក្សាជាមួយលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី អំពីឃាតកម្មដ៏គួរឱ្យភ័យខ្លាចដែលត្រូវបានរកឃើញនៅក្នុងទីក្រុងប៊ូឆា និងតំបន់ផ្សេងទៀតដែលកងទ័ពរុស្ស៊ីបានចាកចេញនាពេលថ្មីៗនេះ។
លោកស្រីបន្ថែមថា ក្រុមស៊ើបអង្កេតដែលត្រូវបានបញ្ជូនដោយសហភាពអឺរ៉ុប នឹងមិនដើរតួជាអង្គភាពឯករាជ្យទេ ប៉ុន្តែនឹងជួយអាជ្ញាធរអ៊ុយក្រែនក្នុងការប្រមូលភស្តុតាងនៅនឹងកន្លែង។ លោកស្រីបានសង្កត់ធ្ងន់ទៀតថា សហភាពអឺរ៉ុបបានបង្កើតក្រុមស៊ើបអង្កេតរួមគ្នាជាមួយអ៊ុយក្រែន ដើម្បីប្រមូលភស្តុតាង និងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕ ប្រភព៖ RT ប្រែសម្រួល៖ ឈឹម ទីណា