សត្វទន្សោងភាគច្រើនកំពុងរស់នៅតំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេសកម្ពុជា

ភ្នំពេញ ៖ សត្វទន្សោង ជាប្រភេទស្ថិតក្នុងអំបូរគោសារទិស និងជាប្រភេទជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទកម្រ និងជិតផុតពូជលើពិភពលោកយើងនេះ។

សត្វប្រភេទនេះមានវត្តមានស្ទើរគ្រប់ទីកន្លែងនៅតាមតំបន់ព្រៃដោយរស់នៅជាហ្វូងអាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅតំបន់ព្រៃរបោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមានស្មៅ ស្បូវ ព្រេច ឬស្សី ឈ្នះ រុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេសកម្ពុជា។

ទន្សោងមានមាឌ រូបរាង និងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរកធ្លាក់ចុះក្រោមដូចគោស្រុកទេ ទន្សោងមានសម្បុរក្រហមត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ស ដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌ស នៅផ្នែកក្រោយត្រង់កំពែងគូទ រីឯស្នែងវាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្តាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ។ បន្ទាប់ពីពពោះរយៈពេលប្រមាណជា ១០ខែ ទន្សោងអាចបង្កើតកូនបាន១-២ក្បាល និងអាចដោយឈ្មោលម្ដងទៀតក្រោយពីកើតកូនបាន២ខែ ។

គួរបញ្ជាក់ថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ឱ្យដឹងកាលពីមុននេះថាចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក ,ការបរបាញ់យកសាច់ និងស្នែង។ ជាងនេះការបរបាញ់ខុសច្បាប់និងវិបត្តិនៃការដាក់អន្ទាក់ដែលជំរុញដោយការជូញដូរសត្វព្រៃខុសច្បាប់ ជាមូលហេតុចំបងដែលបណ្តាលឲ្យចំនួនសត្វក្រចកជើងចំពាមនេះធ្លាក់ចុះ។ ក្នុងកំឡុងពេញមួយទស្សវត្សរ៍នេះអត្រានៃការរកឃើញអន្ទាក់មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ហើយពេលថ្មីៗ ក៏មានការប្រើវិធីសាស្ត្រប្រមាញ់ខុសច្បាប់ផ្សេងៗទៀតដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សត្វព្រៃ។

ទោះបីយ៉ាងណា ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ផងដែរថាដោយសារតែកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថានក្នុងការអភិរក្ស សត្វព្រៃទាំងនេះត្រូវបានការពារ និងបន្តមានវត្តមាននៅក្នុងព្រៃកម្ពុជា។

គួរបញ្ជាក់ថា សត្វទន្សោងគេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជាតំបន់ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាមានផងដែរនៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner