ឯកឧត្តម នេត្រ ភក្ត្រា៖ យុទ្ធនាការ«អន្ទាក់សូន្យ» នៅខេត្តស្ទឹងត្រែង នឹងចូលរួម កែប្រែពលរដ្ឋមួយចំនួនមិនឱ្យបរិភោគសាច់សត្វ និង ចូលរួមបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា

ស្ទឹងត្រែង៖«សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និង ប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃនិង ជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្សនិងរីកចម្រើន សម្រាប់បន្សល់ ទុកដល់មនុស្សរាប់ជំនាន់ទៀត»។ នេះគឺជាការថ្លែង និងស្នើ សុំពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋលេខាធិការ និងជាមន្ត្រីនាំ ពាក្យក្រសួងបរិស្ថាន ។

បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅទីរួមខេត្តស្ទឹងត្រែង ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែក្នុងខេត្ត ៦ ភាគខាងកើត ទន្លេមេគង្គដែលនឹងបាននិងកំពុងរៀបចំឡើងនេះ រួមមានខេត្ត ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើម និងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការ ក្នុងការងារអភិរក្ស។

ជាមួយគ្នានេះឯកឧត្តម មានជំនឿជឿជាក់ថានឹងចូលរួម ក្នុងការ កែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមបរិភោគ សាច់សត្វ និងចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមិនត្រឹមតែផ្តល់ជម្រក កន្លែងរកចំណី និងប្រភព ទឹក សម្រាប់សត្វព្រៃរស់នៅនោះទេ តែក៏ដើម្បីផ្តល់សុវត្ថិភាពដល់ សត្វព្រៃ និងជីវៈចម្រុះក្នុងការរស់នៅ។

គួរបញ្ជាក់ថាការប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ពីយុទ្ធ នាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ បានចាប់ផ្តើម បើកយុទ្ធនាការរបស់ខ្លួននៅតាមបណ្តាខេត្តគោលដៅ ដែលក្នុងនោះខេត្តស្ទឹងត្រែងគឺជាខេត្តទី១ នៃការធ្វើយុទ្ធនាការនេះ ជាមួយការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការដៃគូសហការ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា បញ្ហា អន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា មិនមែនកើតឡើងតែនៅ ក្នុងប្រទេសកម្ពុជានោះទេ អន្ទាក់រាប់លានត្រូវបានគេប៉ាន់ប្រមាណ ថា មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសមួយ ចំនួន ផ្សេងទៀតក្នុងតំបន់ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ីជាដើម។

វាជាការចាំបាច់ត្រូវរៀបចំនូវវិធានការពហុវិស័យដែលនឹងជាចលករជំរុញការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតពលរដ្ឋមួយចំនួនដែល ប្រកបរបរ ដាក់អន្ទាក់ ការប្រមាញ់ និងការចូលចិត្តហូបសាច់សត្វព្រៃ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ នៅទូទាំង ប្រទេសកម្ពុជា។អន្ទាក់ សម្លាប់សត្វព្រៃ ដោយ មិន រើស មុខឡើយ រាប់ចាប់ ពី ពពួកសត្វអណ្តើក រហូតដល់សត្វ ដំរី ពពួកពានរ ក៏ដូច ជា សត្វ ស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ ទាំងអស់។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ធនធានសត្វព្រៃរបស់ ប្រទេស កម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាល មកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ប្រសិន បើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការ បាត់បង់ ធន ធាន សត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ជាសកលក្នុងពេលអនាគតខាងមុខ។

ពាក់ព័ន្ធក្នុងរឿងនេះ លោក ស្រេង ជាហេង ប្រធានមន្ទីរខេត្ត ស្ទឹងត្រែង បានបញ្ជាក់ឱ្យដឹងថា ក្នុងយុទ្ធនាការនេះមន្ទីរបរិស្ថាន របស់លោកនឹងចូលរួមយ៉ាងសកម្ម ហើយពិសេសធ្វើការផ្សព្វផ្សាយ អប់រំសំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ដឹងពីតម្លៃមិនអាចកាត់ថ្លៃបាន នៃធនធានធម្មជាតិ និងសត្វព្រៃរបស់យើង។ក្រៅពីនេះមន្ទីរនឹង ពង្រឹងកិច្ចការពារ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ បើទោះបីបច្ចុប្បន្ន មន្រ្តី ឧទ្យានុរក្សនៅមានចំនួនតិចតួចមិនទាន់គ្រប់ តម្រូវការក៏ ដោយ។

លោក សេង ទៀក នាយកនៃអង្គការ WWF កម្ពុជា បានបញ្ជាក់ ក្នុងពិធីនេះដែរថា បើតាម ទិន្នន័យចំនួន៥នៅតាមតំបន់ការពារ ធនធានធម្មជាតិ កម្ពុជាក្នុងនេះដូចជា ៖តំបន់ជួរភ្នំក្រវាញ តំបន់គូលែនព្រហ្មទេព ដែនជម្រកកែសីមា ដែនជម្រកស្រែពក និង តំបន់ដែនជម្រកភ្នំព្រិច ដោយក្នុងនេះរយៈពេល៩ឆ្នាំដែលអង្គការ បានចងក្រង កន្លងមកសរុបមានអន្ទាក់ជាង២៣ម៉ឺនអន្ទាក់ត្រូវ គេដោះបាន ហើយក្នុងមួយឆ្នាំៗគេអាចដោះអន្ទាន់ចេញពីតំបន់ ទាំងនេះប្រមាណ២ម៉ឺនអន្ទាក់។

នាយកនៃអង្គការរូបនេះបានលើកឡើងដោយបញ្ជាក់ដែរថា ក្នុងមួយឆ្នាំៗអន្ទាក់ដែលត្រូវបានក្រុមព្រានដាក់មានការកើនឡើងជាបន្ទបន្ទាប់។សម្រាប់ក្នុងឆ្នាំ ២០២១កន្លងមកគេប្រមូលបាន អន្ទាក់ ១២០៥០អន្ទាក់ ហើយបើប្រៀបធៀបឆ្នាំកន្លងមកមានការ កើនឡើងទ្វេរដង ។សម្រាប់ក្នុងចំណោមអន្ទាក់ដែលបង្កគ្រោះថ្នាក់ ជាងគេគឺអន្ទាក់ឆក់បានកើនឡើងគួរឱ្យព្រួយបារម្ភផងដែរ។

ទាក់ទិនរឿងអន្ទាក់នេះដែរ លោក សេងទៀកបានលើក មក បញ្ជាក់ថា សម្រាប់អន្ទាក់ដែលគេប្រមូលបាននេះដែរ បើតាម ការវាយតម្លៃពីមន្រ្តីជំនាញថាអន្ទាក់ដែលគេអាចរកឃើញ និងដោះបានមកវិញមានប្រមាណ២០ភាគរយប៉ុណ្ណោះ។ចំណែក ៨០ភាគរយទៀតមិនទាន់បានរកឃើញឬដោះចេញពីព្រៃនៅឡើយទេ។ក្នុងចំនួនអន្ទាក់ដ៏ច្រើននេះដែរធ្វើឱ្យមានការព្រួយបារម្ភ ហើយបើពុំមានវិធានការច្បាស់លាស់ទេពិតជាជួបការលំបាកនាពេលថ្ងៃខាងមុខជាក់ជាពុំខាន៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner