រុស្ស៊ី៖ អាវុធបរទេសត្រូវបានបំផ្លាញ នៅជិតទីក្រុងល្វីវ របស់អ៊ុយក្រែន
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក អ៊ីហ្គោ ខូណាសិនកូវ បាននិយាយថា ទាហានរុស្ស៊ីបានបំផ្លាញឃ្លាំងអាវុធដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចនៅជិតទីក្រុងល្វីវ ភាគខាងលិចប្រទេសអ៊ុយក្រែន នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ។
លោក ខូណាសិនកូវ បានប្រាប់សន្និសីទសារព័ត៌មានមួយថា កងទ័ពអាកាសរុស្ស៊ីបានប្រើកាំជ្រួចអាកាសដែលមានភាពជាក់លាក់ខ្ពស់ ដើម្បីវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅជិតទីក្រុងល្វីវ ដោយបានបំផ្លាញទីតាំងអាវុធដ៏ធំដែលបានមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបក្នុងរយៈពេលប្រាំមួយថ្ងៃកន្លងមកនេះ។
ដោយឡែក លោក ម៉ាកស៊ីម ខូហ្ស៊ីស្គី ប្រធានរដ្ឋបាលយោធា-ស៊ីវិលក្នុងតំបន់ល្វីវ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និង ១១នាក់ផ្សេងទៀតបានរងរបួសកាលពីព្រឹកថ្ងៃចន្ទ នៅក្នុងការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងល្វីស ភាគខាងលិចនៃប្រទេសអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា