លោក ហ្សេលេនស្គី ប្រគល់កម្រងសំណួរសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ដល់បេសកជនសហភាពអឺរ៉ុប
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទបានប្រគល់កម្រងសំណួរមួយដែលមានគោលបំណងសម្រេចបាននូវឋានៈបេក្ខជនរបស់ប្រទេសខ្លួនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប (EU) ដល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអ៊ុយក្រែនលោក ម៉ាត់ទី ម៉ាអាស៊ីកាស់។ នេះបើតាមការបញ្ជាក់ពីសេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន។
លោក ហ្សេលេនស្គី បានបញ្ជាក់នៅក្នុងពិធីប្រគល់កម្រងសំណួរក្នុងទីក្រុងកៀវថា ថ្ងៃនេះគឺជាដំណាក់កាលមួយសម្រាប់ប្រទេសរបស់យើងក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ដែលជាសេចក្តីប្រាថ្នាដែលប្រជាជនរបស់យើងកំពុងព្យាយាម និងតស៊ូដើម្បីវា។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែនត្រូវបានរួបរួមដោយគោលដៅ ដើម្បីក្លាយជាផ្នែកមួយនៃសហភាពអឺរ៉ុប ដោយលោកបានអះអាងថា ការងារភ្លាមៗលើការផ្តល់កម្រងសំណួររបស់អ៊ុយក្រែន គឺជាសញ្ញាដ៏សំខាន់សម្រាប់ទីក្រុងកៀវ។
ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានបន្ថែមថា យើងជឿជាក់ថា យើងនឹងទទួលបាននូវការគាំទ្រ ហើយនឹងក្លាយជាបេក្ខជនសម្រាប់ការចូលជាសមាជិក។
ជាការឆ្លើយតបនោះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអ៊ុយក្រែនលោក ម៉ាត់ទី ម៉ាអាស៊ីកាស់ បាននិយាយថា ចម្លើយរបស់អ៊ុយក្រែនចំពោះកម្រងសំណួរនឹងត្រូវបានវិភាគយ៉ាងលឿន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា