វ៉ាន វ៉ុន ៖ អាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី នឹងដណ្តើមបានមេដាយ១គ្រឿង ខណៈ ឯកឧត្តម យី វាសនា ថា គឺជាឱកាសដ៏ល្អមួយ ដុសខាត់សមត្ថភាព អោយទទួលបានជោគជ័យទាំងការរៀបចំ និងការដណ្តើមមេដាយជូនកម្ពុជា នៅ២០២៣
ភ្នំពេញ៖ អតីតម្ចាស់មេដាយមាស៣គ្រឿង អាស៊ានប៉ារ៉ាហ្គេម លើកទី៧ នៅប្រទេសមីយ៉ាន់ម៉ា កីឡាករជនពិការ វ៉ាន វ៉ុន បានប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាពអោយខ្លាំង ដើម្បីត្រៀមខ្លួនសម្រាប់ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី និងនៅកម្ពុជា ឆ្នាំ២០២៣ បន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc ផ្ដល់ទីលានស្តង់ដារ ក្នុងពហុកីឡដ្ឋានមរតកតេជោ សម្រាប់ហ្វឹកហាត់។
កីឡាករប្រណាំងរទេះជនពិការ វ៉ាន វ៉ុន បានអោយដឹងថា កាលហ្វឹកហាត់ នៅបឹងស្នោ សិទ្ធផលហាក់មិនកើនឡើង ហើយសម្ភារហ្វឹកហាត់ ដូចជា រទេះ កង់ ស្រោមដៃ ក៏ឆាប់ខូច រាំងស្ទះដល់កីឡាករជនពិការប្រណាំងរទេះគ្រប់រូប។ វ៉ាន វ៉ុន បន្តថា ដោយមើលឃើញពីការលំបាក ឯកឧត្តម យី វាសនា អគ្គលេខាធិការគណ:កម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បានស្នើសុំសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណ:កម្មាធិការជាតិរៀបចំព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា Camsoc បានអនុញ្ញាតិអោយធ្វើការហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានមរតកតេជោ មានអត្តពលកម្ម ហែលទឹក ក្នុងចំណោម១១ប្រភេទកីឡាផ្សេងទៀត។ ក្រោយមានកន្លែងហ្វឹកហាត់ល្អ និងទទួលបានការឧបត្ថម្ភជួយទិញសម្ភារ ដូចជា រទេះ កង់ ស្រោមដៃ ពីលោក ផល សុផេង និងសប្បុរសជនជាច្រើនទៀត កីឡាករប្រណាំងរទេះជនពិការរូបនេះ អះអាងថា អាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី នឹងដណ្តើមបានមេដាយជាក់ជាមិនខាន ប៉ុន្តែមិនដឹងមេដាយកម្រិតណានោះទេ។
ដូច្នេះហើយ វ៉ាន វ៉ុន សូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរជួយគាំទ្រ និងលើកទឹកចិត្តកីឡាករ កីឡាការិនីជនពិការទាំងអស់ ដែលត្រៀមប្រកួតប្រជែងដណ្តើមមេដាយ នៅប្រទេសឥណ្ឌូនេស៊ី នាខែកក្កដាខាងមុខនេះ។ ជាមួយគ្នានេះ អតីតម្ចាស់មេដាយមាស៣គ្រឿង នៅមីយ៉ាន់ម៉ា បញ្ជាក់ថា អត្តពលិកប្រទេសថៃ គឺជាឧបសគ្គសម្រាប់កម្ពុជា ដោយសារគេមានសម្ភារហ្វឹកហាត់ល្អជាង និងមានដៃគូឧបត្ថម្ភច្រើន។
ដោយឡែកឯកឧត្តម យី វាសនា អគ្គលេខាធិការគណ:កម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា ធ្លាប់បានបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី គឺជាឱកាសដ៏ល្អមួយ និងចាំបាច់ដែលកម្ពុជា ត្រូវរៀបចំកីឡាករ កីឡាការិនី គ្រូបង្វឹក មន្រ្តីបច្ចេកទេស អោយមានសក្តានុពល ដើម្បីចូលរួមដុសខាត់យុទ្ធសាស្រ្ត ចិត្តសាស្ត្រ សមត្ថភាពជំនាញវិជ្ជាជីវៈជាមួយបណ្តាប្រទេសអាស៊ាន ជាព្រឹត្តការណ៍ចុងក្រោយ មុននឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បីយកចំណេះដឹងមកដឹកនាំធ្វើ នៅឆ្នាំ២០២៣ ជាគន្លឹះ និងចំនុចខ្លាំង អោយទទួលបានជោគជ័យទាំងការរៀបចំ និងការដណ្តើមមេដាយជូនកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ត្រូវបានប្រទេសឥណ្ឌូនេស៊ី ស្នើសុំធ្វើជាម្ចាស់ផ្ទះជំនួស ក្រោយវៀតណាមសម្រេចលុបចោល នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះកម្ពុជាត្រៀមបញ្ជូន១១ប្រភេទកីឡា មាន អត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជនពិការភ្នែក វាយសី លើកទម្ងន់ បាញ់ធ្នូ អុក បាល់ទាត់៧ម្ខាង និងបាល់បោះរទេះ។
សូមរំលឹកថា ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប១០គ្រឿង ប្រាក់៥ និង៥សំរិទ្ធ៕ ចាន់ វិចិត្រ