ប្រធានាធិបតីតួកគី៖ វិបត្តិសង្គ្រាមអ៊ុយក្រែនបង្ហាញ ពីគុណតម្លៃ នៃប្រទេសតួកគីទៅកាន់លោកខាងលិច និងណាតូ
អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃចន្ទ ថ្លែងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានគូសបញ្ជាក់ពី សារៈសំខាន់របស់ប្រទេសតួកគីសម្រាប់ទាំងសហភាពអឺរ៉ុប និងប្លុកយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ក្នុងកំលុងថ្លែងសុន្ទរកថានៅឯទីស្នាក់ការកណ្តាលគណបក្ស AK ដែលកំពុងកាន់អំណាចពីទីក្រុងអង់ការ៉ា លោក អឺដូហ្គាន់ បាន បញ្ជាក់ថា ផ្ទុយទៅនឹងការអះអាងដោយគ្មានមូលដ្ឋាន ការវិវត្ត ថ្មីៗនៅក្នុងបរិបទអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់របស់ប្រទេសតួកគីនៅក្នុងអង្គការណាតូ។
តួកគីបានបង្ហាញម្តងហើយម្តងទៀតថា ខ្លួនគឺជាសម្ព័ន្ធមិត្តដែលមិន អាចខ្វះបាននៅក្នុងអង្គការណាតូ។ ទន្ទឹមគ្នា ប្រធានាធិបតីតួកគីរូប នេះក៏បានរំលឹកឡើងវិញនូវគោលដៅរបស់ប្រទេសខ្លួន ក្នុងការដើរតួ ជាអ្នកសម្រុះសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថា កាលពីចុងខែមីនាកន្លងទៅ ប្រទេសតួកគីបានរៀប ចំ កិច្ចពិភាក្សាកម្រិតខ្ពស់រវាងអ្នកតំណាងប្រទេសដែលកំពុងមានសង្រ្គាម នៅក្នុងទីក្រុងរមណីយដ្ឋានអាន់តាលីយ៉ា។ ទោះបីជាយ៉ាងណា ខណៈពេលដែលភាគីទាំងពីរបានបង្ហាញ ពី វឌ្ឍនភាពជាក់លាក់បន្ទាប់ពីការចរចានោះ កិច្ចពិភាក្សានៅទីបំផុត បានបរាជ័យ ក្នុងការទទួលបានលទ្ធផលជាក់ស្តែងណាមួយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា