ប្រធានសន្តិសុខអ៊ុយក្រែន៖ រុស្ស៊ីព្យាយាមចាប់ផ្តើម ដំណាក់ កាលទីពីរ នៃការវាយលុកនៅភាគខាងកើតអ៊ុយក្រែន
កៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ថា លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក អូឡេស៊ី ដានីលូវ នៅថ្ងៃចន្ទបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបាន ព្យាយាមចាប់ផ្តើមដំណាក់កាលសកម្ម ឬទីពីរ នៃការវាយលុកនៅ ភាគខាងកើតអ៊ុយក្រែន។
លោក អូឡេស៊ី ដានីលូវ បន្ថែមថា នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ នៅតាមខ្សែបន្ទាត់ជួរមុខស្ទើរតែទាំងស្រុងនៅក្នុងតំបន់ដូណេតក៍ តំបន់លូហាន់ក៍ និង ខាកៀវ កងកម្លាំងរុស្ស៊ីបានព្យាយាមទម្លុះតំបន់ ការពាររបស់អ៊ុយក្រែន។ លោក ដានីលូវ បានបញ្ជាក់ទៀតថា កងកម្លាំងរុស្ស៊ីអាចឈានទៅមុខបានតែនៅក្នុងទីក្រុងតូចៗចំនួនពីរប៉ុណ្ណោះ ។លោកបានសង្កត់ធ្ងន់ថា យោធាអ៊ុយក្រែនកំពុងកាន់កាប់ មូលដ្ឋានរបស់ពួកគេនៅកន្លែងផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៊ីបាននឹងកំពុងផ្លាស់ប្តូរគោលដៅសង្រ្គាមរបស់ខ្លួន ទៅកាន់ភាគខាងកើតប្រទេសអ៊ុយក្រែនវិញ បន្ទាប់ពីមានបញ្ហានៅ តំបន់ ជិតរដ្ឋធានី កៀវ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា