លោក វ្ល៉ាឌីមៀ ពូទីន៖ ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខាងលិច ប្រឆាំងនឹង រុស្ស៊ីបានបរាជ័យ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទបានថ្លែង ក្នុងកិច្ចប្រជុំរដ្ឋាភិបាលស្តីពីបញ្ហាសេដ្ឋកិច្ចថា យុទ្ធសាស្ត្រទណ្ឌកម្ម សេដ្ឋកិច្ច “economic blitzkrieg” របស់បណ្តាប្រទេសលោកខាង លិចប្រឆាំងនឹងរុស្ស៊ីបានបរាជ័យហើយ។
លោក ពូទីន បានបន្ថែមថា កត្តាអវិជ្ជមានចម្បងសម្រាប់សេដ្ឋកិច្ច រុស្ស៊ីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការដាក់ទណ្ឌកម្មរបស់បស្ចិម ប្រទេស ដែលមានគោលបំណងធ្វើឱ្យខូចខាតដល់ស្ថានភាព ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងប្រទេសរបស់យើង ធ្វើឱ្យមានការភ័យស្លន់ស្លោនៅក្នុងទីផ្សារ, បំផ្លាញប្រព័ន្ធធនាគារ និងបង្កឱ្យមានការខាតបង់ជាទ្រង់ទ្រាយធំ។
ទន្ទឹមនឹងនេះដែរ លោក ពូទីន បានសារភាពថា ក្នុងរយៈពេលមួយ ខែកន្លះកន្លងទៅនេះ តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសរុស្ស៊ី បាន កើនឡើង៩.៤ភាគរយ ហើយអតិផរណាបានកើនឡើងដល់ ១៧.៥ភាគរយនៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំគិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណា ក៏ដោយ ការដាក់ទណ្ឌកម្មបានធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ដោយជំរុញឱ្យមានអតិផរណា និងភាព អត់ ការងារធ្វើ ព្រមទាំងធ្វើឱ្យសក្ដានុពលសេដ្ឋកិច្ចចុះខ្សោយ, កាត់បន្ថយកម្រិតជីវភាពរស់នៅ និងកាត់បន្ថយការសន្សំប្រាក់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា